ចិន បញ្ជាក់ពីការត្រៀមខ្លួន ដើម្បីបន្តដើរតួនាទីស្ថាបនា ក្នុងការដោះស្រាយបញ្ហា នុយក្លេអ៊ែរអ៊ីរ៉ង់ ទាំងផ្នែកនយោបាយ និងការទូត
ប៉េកាំង៖ ប្រទេសចិន មានឆន្ទៈក្នុងការបន្តដើរតួនាទីស្ថាបនាក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ទាំងផ្នែកនយោបាយ និងការទូត ដើម្បីការពាររបបមិនរីកសាយ ភាយនុយក្លេអ៊ែរអន្តរជាតិ និងលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងពិភពលោក។
អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅ នឹងសំណួរពាក់ព័ន្ធ ដោយបន្ថែមថា ប្រទេសចិនតែងតែគាំទ្រការដោះស្រាយ ដោយសន្តិវិធី នៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ តាមរយៈការសន្ទនា និងការចរចា។ លោកស្រី ម៉ៅ បានលើកឡើងថា “គេសង្ឃឹមថាភាគី ពាក់ព័ន្ធនឹងឆ្លៀតឱកាសដើម្បីចរចាដំណោះស្រាយដែលគិតគូរពីកង្វល់ ស្របច្បាប់របស់គ្រប់ភាគីទាំងអស់”។
ប្រតិកម្មរបស់មហាអំណាច ចិនធ្វើឡើងបន្ទាប់ពីអាមេរិក បានវាយប្រហារទីតាំងបាញ់មីស៊ីល និងទូកដាក់មីន នៅភាគខាងត្បូងអ៊ីរ៉ង់កាលពីថ្ងៃចន្ទ។ ក្នុងនោះលោក Tim Hawkins អ្នកនាំពាក្យទីបញ្ជាការអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងអាមេរិក បានធ្វើការវាយប្រហារការពារខ្លួននៅភាគខាងត្បូងអ៊ីរ៉ង់ នៅថ្ងៃនេះ ដើម្បីការពារកងទ័ពរបស់យើងពីការគំរាមកំហែង ដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់”។
លោកបានលើកឡើងថា “គោលដៅរួមមានទីតាំងបាញ់មីស៊ីល និងទូកអ៊ីរ៉ង់ ដែលព្យាយាមដាក់មីន។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បន្តការពារកងកម្លាំងរបស់យើង ខណៈពេលដែលប្រើប្រាស់ការ អត់ធ្មត់ក្នុងអំឡុងពេលបទឈប់បាញ់ ដែលកំពុងបន្ត”។ ការវាយប្រហារទាំងនេះត្រូវបានធ្វើឡើងនៅក្នុងតំបន់ Bandar Abbas ដែលជាទីតាំងមូលដ្ឋានកងទ័ពជើងទឹកសំខាន់របស់អ៊ីរ៉ង់ ដោយបំផ្លាញនាវាពីរគ្រឿងរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ និងវាយប្រហារទីតាំងមីស៊ីលបាញ់ពីលើអាកាសមួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Fars ដោយដកស្រង់ប្រភពទូរទស្សន៍រដ្ឋអ៊ីរ៉ង់។
សារព័ត៌មាន Fox News បានរាយការណ៍ថា ទូកអ៊ីរ៉ង់ពីរគ្រឿងត្រូវបានគេប្រទះឃើញដាក់មីននៅក្នុងច្រកសមុទ្រហ័រមូស ហើយទីតាំងមីស៊ីលមួយបានកំណត់គោលដៅយន្តហោះចម្បាំងអាមេរិក។ ជាការឆ្លើយតប កងកម្លាំងអាមេរិក បានធ្វើការវាយប្រហារ “ការពារខ្លួន”។ របាយការណ៍នេះ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់កាលពីថ្ងៃចន្ទ បានឲ្យដឹងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក “បានចប់ហើយ សម្រាប់ពេលនេះ”។
ប្រភពពីរត្រូវបានដកស្រង់សម្តីថា ការវាយប្រហារ ទាំងនេះមិនបង្ហាញថា បទឈប់បាញ់រយៈពេលជាច្រើន សប្តាហ៍របស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់បានចប់ហើយនោះទេ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា ការចរចាជាមួយអ៊ីរ៉ង់ “កំពុងដំណើរការទៅ ដោយរលូន” ប៉ុន្តែបានព្រមានថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តការវាយប្រហារ យោធាឡើងវិញ ប្រសិនបើការចរចាបរាជ័យ ដោយការវាយប្រហារ នាពេលអនាគតណាមួយនឹង “ធំជាង និងខ្លាំងជាងពេលណាៗទាំងអស់”៕
