ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា ៖ ជម្លោះត្រូវតែដោះស្រាយដាច់ខាត តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាឱកាសអញ្ជើញថ្លែងសុន្ទរកថាជាតិ នៅក្នុងក្នុងកិច្ចប្រជុំបើក ចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នៅក្នុងយុគសម័យដែលពិភពលោកកំពុងកើនឡើងនូវបញ្ហាប្រឈម ជម្លោះប្រដាប់អាវុធ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ការគោរពបូរណភាពទឹកដី និងការដោះស្រាយបញ្ហាដោយសន្តិវិធី ត្រូវតែបន្តដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសណ្តាប់ធ្នាប់អន្តរជាតិ។

អំឡុងពេលថ្លែងសុន្ទរកថា លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងបានថ្លែងថា ដោយដកស្រង់ចេញពីបទពិសោធន៍ប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជា លោក បានគូសបញ្ជាក់ថា «ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ»។

មុននឹងបញ្ចប់ ប្រមុខការទូតកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជា ចំពោះសហគមន៍អន្តរជាតិ ដែលបានគាំទ្រឱ្យមានឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធីនៃជម្លោះព្រំដែនកម្ពុជា-ថៃ៕

To Top