ព័ត៌មានអន្តរជាតិ

លោក ពូទីន ចុះហត្ថលេខាលើច្បាប់ ដែលអនុញ្ញាតឱ្យកងកម្លាំង ប្រដាប់អាវុធការពារ ពលរដ្ឋរុស្ស៊ី នៅបរទេស

មូស្គូ៖ ឯកសារមួយដែលបានចេញផ្សាយនៅលើវិបផតថលច្បាប់ នៅថ្ងៃចន្ទបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឱ្យប្រើប្រាស់កងទ័ពរុស្ស៊ី ដើម្បីការពារពលរដ្ឋរុស្ស៊ី ដែលត្រូវបាន កាត់ទោស ឬចាប់ខ្លួនដោយតុលាការ បរទេស ឬតុលាការអន្តរជាតិ។

ឯកសារនេះបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី អាចចូលរួមក្នុងការការពារពលរដ្ឋរុស្ស៊ី ដែលត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬចោទប្រកាន់តាមអំណាចរបស់ពួកគេ ក្រោមការសម្រេចចិត្ត របស់តុលាការបរទេស ដែលធ្វើសកម្មភាពក្នុងនាមរដ្ឋដទៃ ទៀតដោយគ្មានការចូលរួមពីរុស្ស៊ី និងយុត្តាធិការដែលមិនផ្អែកលើសន្ធិសញ្ញា អន្តរជាតិដែលពាក់ព័ន្ធនឹងរុស្ស៊ី ឬសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

ច្បាប់នេះត្រូវបានគេរំពឹងថា នឹងចូលជាធរមានដប់ថ្ងៃ បន្ទាប់ពីការបោះពុម្ពផ្សាយជាផ្លូវការរបស់វា។ មុននេះ ប្រធានសភាឌូម៉ារុស្ស៊ី លោក Vyacheslav Volodin បានថ្លែងថា ច្បាប់នេះចាំបាច់ ដើម្បីការពារជនជាតិរុស្ស៊ី ពីព្រោះ “យុត្តិធម៌លោកខាងលិច បានប្រែក្លាយ ទៅជាម៉ាស៊ីនបង្ក្រាប សម្រាប់ដាក់ ទណ្ឌកម្មអ្នកដែល មិនយល់ស្របនឹង ការសម្រេចចិត្ត ដែលដាក់ដោយប្រទេសអឺរ៉ុប”៕

To Top