អេហ្ស៊ីប ជំរុញឱ្យមានការរំសាយ អាវុធនុយក្លេអ៊ែរ និងតំបន់គ្មានអាវុធប្រល័យ លោកនៅមជ្ឈិមបូព៌ា
គែរ៖ ក្រសួងការបរទេសអេហ្ស៊ីប បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អេហ្ស៊ីបបានអំពាវនាវ ឱ្យមានជំហានជាក់ស្តែងឆ្ពោះ ទៅរកការរំសាយអាវុធនុយក្លេអ៊ែរ និងបានបន្តការជំរុញរបស់ខ្លួន សម្រាប់មជ្ឈិមបូព៌ាដែលគ្មានអាវុធ នុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀត។
អេហ្ស៊ីប បានសម្តែង ការសោកស្តាយ ចំពោះអ្វីដែលខ្លួនពិពណ៌នាថាជា “ឱកាស ដែលខកខាន” សម្រាប់សហគមន៍អន្តរជាតិ ក្នុងការបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តគោលបំណងនៃសន្ធិសញ្ញា ស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) បន្ទាប់ពីសន្និសីទពិនិត្យឡើងវិញលើកទី 11 នៃសន្ធិសញ្ញា ដែលបានធ្វើឡើង នៅទីក្រុងញូវយ៉កចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី២២ ខែឧសភា បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង លើឯកសារចុងក្រោយ។
ទីក្រុងគែរបានសង្កត់ធ្ងន់លើសុពលភាពជាបន្តបន្ទាប់ នៃលទ្ធផលសន្និសីទពិនិត្យឡើងវិញពីមុន ជាពិសេសសេចក្តីសម្រេចឆ្នាំ១៩៩៥ ស្តីពី “ការបង្កើតតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀតនៅមជ្ឈិមបូព៌ា” ដែលជាផ្នែកកណ្តាលនៃកិច្ចព្រមព្រៀង កញ្ចប់ដែលអនុញ្ញាតឱ្យមានការពង្រីកសន្ធិសញ្ញា។
យោងតាមសេចក្តីថ្លែងការណ៍នេះ ប្រទេសអេហ្ស៊ីប ក៏បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ NPT ក្នុងការរក្សា និងពង្រឹងសន្តិសុខអន្តរជាតិចាប់តាំងពីការអនុម័តរបស់ខ្លួននៅឆ្នាំ១៩៦៨ ដោយអំពាវនាវឱ្យមានសកលភាពនៃសន្ធិសញ្ញានេះ ជាពិសេសនៅមជ្ឈិមបូព៌ា។
ក្រសួងបានឧ្យដឹងថា ប្រទេសអេហ្ស៊ីបបន្តអំពាវនាវឱ្យមានជំហានជាក់ស្តែង ឆ្ពោះទៅរកការបំពេញកាតព្វកិច្ចរំសាយអាវុធនុយក្លេអ៊ែរក្រោមសន្ធិសញ្ញា ដោយបន្ថែមថា កិច្ចខិតខំប្រឹងប្រែងបែបនេះនឹងជួយសង្គ្រោះប្រជាជនពីភាពភ័យរន្ធត់នៃផលវិបាកមនុស្សធម៌ និងបរិស្ថានដ៏មហន្តរាយ ដែលបណ្តាលមកពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕
