សម្តេចតេជោ រំឭកមន្ត្រីរាជការ បន្តយកចិត្តទុកដាក់បម្រើជាតិ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ឆ្នាំង ទាំងអស់ដែលបានខិតខំបំពេញ ការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ នាពេលកន្លងមក ជាពិសេសការរួមគ្នារក្សា ឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចតេជោ ក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញ តួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។

សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្តេចតេជោបានបន្តរំឭកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលីពិការ និងគ្រួសារអតីតយុទ្ធជន។
សម្តេចតេជោមានប្រសាសន៍បន្តថា ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិត ជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចបានយល់ច្បាស់ ពីការលំបាកទាំងឡាយ របស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងទឹកដី៕
