សម្តេចតេជោ ៖ ចៀសវាងប្ដីសក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥ អាចនាំរឿងបង្កបញ្ហា ប៉ះពាល់ទឹកចិត្តប្រជាពលរដ្ឋ
កំពង់ឆ្នាំង ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានថ្លែងប្រាប់ដល់មន្ដ្រីថា ត្រូវចៀសវាងប្ដីសក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥ អាចនាំរឿងបង្កបញ្ហាប៉ះពាល់ទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋាន។
ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងចំនួន ៩៦៦នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។
សម្ដេចតេជោ ក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន។ ម្យ៉ាងវិញទៀតចៀសវាងប្ដីសក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥ ដែលអាចនាំរឿងបង្កបញ្ហាប៉ះពាល់ទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋាន»។
ទន្ទឹមនេះ សម្ដេចតេជោ ក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ៕
