ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ព្រមានឆ្លេីយតប​ ក្រោយចោទថា​ សហរដ្ឋអាមេរិក​ រំលោភលើបទឈប់បាញ់

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់​ បានឧ្យដឹងថា សហរដ្ឋអាមេរិក​ បានរំលោភលើបទឈប់បាញ់នៅក្នុងតំបន់ Hormozgan ដោយសន្យាថា​ នឹងឆ្លើយតបទៅនឹង ការឈ្លានពានណាមួយ ដែលបន្ដកេីតឡេីង។

ក្រសួងការបរទេសអ៊ីរ៉ង់​ បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ “រំលោភយ៉ាងជាក់ស្តែង” លើបទឈប់បាញ់​ ដែលបានឈានដល់រវាងប្រទេសទាំងពីរកាលពីខែមុន បន្ទាប់ពីការវាយប្រហារ ដោយយោធារបស់សហរដ្ឋអាមេរិក​ នៅភាគខាងត្បូងអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍របស់ក្រសួងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានអះអាងថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារទីតាំងបាញ់មីស៊ីល និងទូកដាក់មីននៅភាគខាងត្បូងអ៊ីរ៉ង់​ កាលពីថ្ងៃចន្ទ។

ក្រសួងបានឧ្យដឹងថា ការរំលោភលើបទឈប់បាញ់ ដែលបានប្រព្រឹត្តនៅក្នុងខេត្ត Hormozgan របស់អ៊ីរ៉ង់​ ក្នុងរយៈពេល ៤៨ម៉ោងកន្លងមក ស្របពេលជាមួយនឹងដំណើរការការទូត​ ដែលសម្របសម្រួលដោយប៉ាគីស្ថានរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានបង្ហាញជាថ្មីម្តងទៀតអំពី “ភាពឃោរឃៅ និងការមិនប្តេជ្ញាចិត្តចំពោះការសន្យារបស់ខ្លួន” របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍បានបន្ថែមថា សកម្មភាព របស់សហរដ្ឋអាមេរិក​ ក៏បានបង្ហាញផងដែរថា ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ របស់អ៊ីរ៉ង់ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក​ គឺផ្អែកលើតក្កវិជ្ជា និងការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីធម្មជាតិ និងអាកប្បកិរិយា “ឧក្រិដ្ឋ និងប្រមាថ” របស់ខ្លួន​ ចំពោះប្រជាជនអ៊ីរ៉ង់។

ក្រសួងការបរទេសអ៊ីរ៉ង់​ បានថ្កោលទោសសកម្មភាព “ឈ្លានពាន” នេះ ហើយបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក​ នឹងទទួលខុសត្រូវទាំងស្រុង​ ចំពោះផលវិបាក ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top