បច្ចុប្បន្នភាពគ្រោះ ថ្នាក់ចរាចរណ៍ នៅកំពង់ឆ្នាំង និងស្វាយរៀង ៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញចំនួន ៨៥នាក់ខណៈមន្រ្តីជំនាញបន្តយកចិត្តទុក ដាក់ផ្ទាល់ដល់មន្ទីរពេទ្យ
ភ្នំពេញ ៖ គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បងប្អូនកម្មករ ៨៥នាក់ បានសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និងស្រាលនៅសល់ ២៥នាក់ដែលកំពុងសម្រាកព្យាបាលហើយមានសភាពល្អប្រសើរឡើងជារួម ។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។

លោក ស៊ុន មេសា បានថ្លែងថា សម្រាប់ករណីនៅខេត្តកំពង់ឆ្នាំង បងប្អូនកម្មករដែលបានត្រឡប់ទៅគេហដ្ឋានវិញចំនួន ៥៧នាក់ ខណៈដែលអ្នករបួសធ្ងន់ចំនួន ៩នាក់ និងអ្នករបួសស្រាលចំនួន ៧នាក់ ដោយបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកករណីខេត្តស្វាយរៀង បងប្អូនកម្មករដែលត្រឡប់ទៅគេហដ្ឋានវិញមាន ២៨នាក់ ខណៈដែលអ្នករងរបួសធ្ងន់ ១នាក់ដែលត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅវៀតណាម ហើយអ្នករងរបួសស្រាល ៨នាក់ ដោយបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកថា៖ “ក្រសួងមានការសប្បាយ ចិត្តដោយការធូស្រាល និងសះស្បើយរបស់បងប្អូនកម្មករ ដែលធ្វើឱ្យបងប្អូន កម្មករអាចត្រឡប់ ទៅគេហដ្ឋានជាបន្តបន្ទាប់ ខណៈដែលបងប្អូនកម្មករទទួល បានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញក្រសួង ក៏ដូចជា ប.ស.ស.”។

សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តាលឱ្យបងប្អូនកម្មករនិយោជិត ១៤នាក់បានបាត់បង់ជីវិត និងប្រមាណ ១០០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

សូមបញ្ជាក់ថា តាំងពីមានគ្រោះថ្នាក់ ចរារចណ៍ភ្លាម លោករដ្ឋមន្ត្រី ហេង សួរ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោម ឱវាទក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានចុះចាត់ចែង សម្របសម្រួលពិធីបុណ្យសព និងផ្តល់អត្ថប្រយោជន៍ ជូនបងប្អូនកម្មករ និយោជិតភ្លាមៗ ប្រកបដោយការយកចិត្តទុកដាក់៕



