ព័ត៌មានជាតិ

លោក ទេព អស្នារិទ្ធ ៖ ការពង្រឹងចំណេះដឹង ទប់ទល់ព័ត៌មានក្លែងក្លាយ ជារឿងចាំបាច់ ក្នុងយុគសម័យឌីជីថល

ភ្នំពេញ ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ គូសបញ្ជាក់យ៉ាងច្បាស់ថា ការពង្រឹងចំណេះដឹង និងអប់រំដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយដល់យុវវ័យឱ្យយល់ដឹងពីព័ត៌មានក្លែងក្លាយ គឺជារឿងចាំបាច់បំផុត ប្រៀបប្រដូចនឹង «ការចាក់វ៉ាក់សាំងការពារកុំឱ្យមានគ្រោះថ្នាក់» ដល់ពួកគេ និងសង្គមជាតិទាំងមូល។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធZOOM ជាមួយជាមួយថ្នាក់ដឹកនាំមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោក ទេព អស្នារិទ្ធ លើកឡើងថា ព័ត៌មានក្លែងក្លាយមិនខុស ពីមេរោគអាក្រក់នោះទេ ដែលមានចេតនាបំពុលបរិយាកាសសង្គម បង្កើតភាពវឹកវរ បំភ្លៃការពិត និងអាចបំផ្លាញកិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័នទៀតផង។ យុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ងាយនឹងរងគ្រោះ និងក្លាយជាឧបករណ៍ នៃការរីករាលដាលព័ត៌មានមិនពិតទាំងនោះ ប្រសិនបើពួកគេមិនមានសមត្ថភាព និងភាពធន់គ្រប់គ្រាន់ ដើម្បីការពារខ្លួនទប់ទល់និងហានិភ័យ ក្នុងយុគសម័យឌីជីថលនេះ។
លោកបញ្ជាក់ថា ក្នុងចំណោមប្រជាជនកម្ពុជា ប្រមាណ១៧លាននាក់ មានអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសបុកជាយុវវ័យប្រមាណ៥៩ភាគរយ ។ ចំណែកក្រុមជែនស៊ី (Gen Z) ដែលមានអាយុចន្លោះពី១៤ ដល់ ២៩ ឆ្នាំ ជាង៣០ភាគរយ និយមប្រើTiktok ។

ក្នុងន័យនេះលោកជំរុញឱ្យបណ្តាញព័ត៌មានរដ្ឋ និងមន្ទីរព័ត៌មានគ្រប់រាជធានី-ខេត្តត្រូវបង្កើនការផលិតមាតិកាព័ត៌មាន វីដេអូអប់រំ កម្សាន្តផ្សេងៗ ដើម្បីលើកកម្ពស់កម្រិត អក្ខកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ហើយត្រូវជំរុញគិតគូរ សហការជាមួយអ្នកសារព័ត៌មាន,យុវវជនដែលមានបទពិសោធន៍ លើប្រព័ន្ធផ្សព្វផ្សាយ និងក្រុម MMO ធ្វើការផ្សព្វផ្សាយលើបណ្តាញ ទំនាក់ទំនង សង្គមឱ្យទូលំទូលាយ ដើម្បីផ្តល់ចំណេះដឹងកាន់តែច្បាស់ ពីការវិធីការពារខ្លួន កុំឱ្យយុវវ័យ និងប្រជាជនរង គ្រោះពីព័ត៌មានមិនពិត ដែលគេបង្កើតឡើង ក្នុងគោលដៅបង្ក ភាពចលាចល ក្នុងសង្គមជាតិ ៕

To Top