រដ្ឋមន្ត្រី ហួត ហាក់ ៖ ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានសាមគ្គីភាព កិច្ចសហការល្អ និងការទទួលខុសត្រូវ
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានលើកឡើងថា ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានសាមគ្គីភាព កិច្ចសហការល្អ និងការអនុវត្តការងារប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ។

ការលើកលើងរបស់ លោក ហួត ហាក់ ធ្វើឡើង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រសួងទេសចរណ៍ប្រចាំ ខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ ស្តាប់របាយការណ៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ សម្រាប់បន្តជំរុញការអនុវត្តកម្មវិធី និងផែនការសកម្មភាពសំខាន់ៗ នៃវិស័យទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ។

តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានពិភាក្សាទៅលើសេចក្តីរាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ជំរឿនមន្ត្រី និង វឌ្ឍនភាពនៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍, សេចក្តីព្រាងគោលការណ៍ណែនាំ ការប្រឡងប្រណាំង អង្គភាព ស្អាត ឆ្នើម, សេចក្តីរាយការណ៍ ស្តីពីការត្រៀមរៀបចំផែនការ ថវិកាឆ្នាំ២០២៧ និងផែនការយុទ្ធសាស្រ្តថវិកា ២០២៧-២០២៩, សេចក្តីព្រាងវិធានការគន្លឹះ អភិវឌ្ឍន៍ទេសចរណ៍ឧទ្យានជាតិភ្នំគូលែន ២០២៦-២០២៨ ព្រមទាំងលទ្ធផលនៃការចុះតាមដាន ត្រួតពិនិត្យ និង វាយតម្លៃសមិទ្ធកម្ម «បញ្ចប់អណត្តិ» លើការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ និងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ២០២៦-២០៣០ ផងដែរ។





