ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ៖ សន្តិភាព ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ ហើយកម្ពុជាបានស្តារឡើងវិញនូវសន្តិភាព, ការបើកចំហសេដ្ឋកិច្ច និងធ្វើសមាហរណកម្មចូលក្នុងតំបន់ និងសកលលោក។

ក្នុងកម្មវិធី វេទិកាសកល ស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ (2026 Global Poverty Reduction and Development Forum) ក្រោមប្រធានបទ «Uniting Global Efforts to Advance Poverty Reduction» នៅរដ្ឋធានីប៉េកាំង ប្រទេសចិន លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងអំពីភាពជោគជ័យ របស់ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីក្រ គឺជាសមិទ្ធផលអភិវឌ្ឍន៍ដ៏លេចធ្លោក្នុងសម័យទំនើប ដោយបាន រំដោះប្រជាជនចិនជាង ៨០០ លាននាក់ ឱ្យចាកផុតពីភាពក្រីក្រ ក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយនេះ។

ក្នុងន័យនេះ កម្ពុជា ស្វាគមន៍ភាពជាដៃគូសកលសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ (Global Partnership for Poverty Alleviation and Development – GPPAD) ដែលជាវេទិកាសកលសម្រាប់ការចែករំលែកបទពិសោធ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងខណៈដែលការកាត់បន្ថយភាពក្រីក្រ នៅតែជាស្នូល នៃរបៀបវារៈអភិវឌ្ឍន៍ ប្រកបដោយចីរភាពសកលឆ្នាំ២០៣០ កាន់តែខិតជិតចូលមកដល់។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងអំពីបទពិសោធរបស់កម្ពុជា ជូនអង្គវេទិកាសកល ដោយបានគូសរំលេចថា «សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ»។ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, កម្ពុជាបានស្តារឡើងវិញនូវសន្តិភាព, ការបើកចំហសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មចូលក្នុងតំបន់និងសកលលោក។ សន្តិភាពនេះបានផ្តល់ទំនុកចិត្តដល់ប្រជាជនកម្ពុជាថា «ថ្ងៃស្អែកនឹងប្រសើរជាងថ្ងៃម្សិលមិញ»។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា បច្ចុប្បន្នក្រោមការ ដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយបន្តយកប្រជាជនជាស្នូល និងជាអាទិភាពទី១ និងដើម្បីធ្វើឱ្យកំណើនកាន់ តែមានអត្ថន័យសម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសនៅតាមតំបន់ជនបទ តាមរយៈការលើកកម្ពស់ប្រាក់ចំណូល, ការបង្កើតការងារសមរម្យ, ការវិនិយោគលើមូលធនមនុស្ស និង ការពង្រឹងប្រព័ន្ធគាំពារសង្គម ព្រមទាំងការកសាងភាពជា ដៃគូដែលផ្តល់លទ្ធផលជាក់ស្តែង៕

To Top