ព័ត៌មានជាតិ

គណៈប្រតិភូសាលាវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ ខេត្តសាន​ទុង បំពេញទស្សនកិច្ចនៅស្រុកបន្ទាយស្រី ពង្រឹងកិច្ចសហការវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន

សៀមរា៖  ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូសាលាវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ ខេត្តសានទុង ប្រទេសចិន ដឹកនាំដោយលោក XU YUNGUO លេខាបក្សប្រចាំសាលា បានអញ្ជើញបំពេញទស្សនកិច្ច នៅសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីលោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
 
ក្នុងជំនួបនោះ លោកអភិបាល ស្រុកបន្ទាយស្រី បានថ្លែងអំណរគុណចំពោះមិត្តចិនដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការអភិវឌ្ឍស្រុកបន្ទាយស្រី ជាពិសេសលើវិស័យវប្បធម៌ និងការអភិរក្សបេតិកភណ្ឌ។ លោកបានរំលេចថា កន្លងមក តាមរយៈលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ដែលតែងបានសម្របសម្រួលជូនដល់ មិត្តចិនក្នុងការរួមចំណែកជួយជ្រោម ជ្រែងក្នុងការផ្តល់ឱកាសដល់មន្ត្រីសាលាស្រុកបន្ទាយស្រីទៅបំពេញទស្សនកិច្ច និងសិក្សារយៈពេលខ្លីនៅប្រទេសចិន ដើម្បីស្វែងយល់បន្ថែមអំពីការអភិរក្ស វត្ថុបុរាណ ការថែរក្សាគំនូរ និងការរចនាវត្ថុអនុស្សាវរីយ៍ ដែលជាចំណេះដឹងមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌នៅក្នុងមូលដ្ឋាន។
 
ជាការឆ្លើយតប លោក XU YUNGUO លេខាបក្សប្រចាំ សាលាវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ បានបង្ហាញពីឆន្ទៈរឹងមាំក្នុង ការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលស្រុក បន្ទាយស្រី ដោយមានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនជាស្ពានក្នុងការតភ្ជាប់ និងសម្របសម្រួលវគ្គ សិក្សាពាក់ព័ន្ធនឹងបុរាណវត្ថុ និង ការងារអភិរក្សប្រាសាទបុរាណ។ លោកបានបញ្ជាក់ថា កិច្ចសហការនេះនឹងរួមចំណែក លើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យវប្បធម៌រវាងភាគីទាំងពីរ។

ទន្ទឹមនឹងនេះ លោកលេខាបក្សប្រចាំសាលា ក៏បានប្តេជ្ញាចូលរួមសហការជាមួយសមាគម ក្នុងការទាក់ទាញភ្ញៀវទេសចរជនជាតិចិន ជាពិសេសពីខេត្តសានទុង មកទស្សនាខេត្តសៀមរាបឱ្យកាន់តែច្រើនថែមទៀត។ លោកបានគូសបញ្ជាក់ថា ការជំរុញវិស័យទេសចរណ៍នេះ នឹងកាន់តែមានសក្តានុពល ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងផ្តល់ទិដ្ឋាការឥតគិតថ្លៃដល់ជនជាតិចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ដែលជាវិធានការសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ។

ទស្សនកិច្ចនេះ ត្រូវបានចាត់ទុកថា ជាជំហានថ្មីមួយក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ និងរដ្ឋបាលមូលដ្ឋានកម្ពុជា-ចិន ពិសេសក្នុងវិស័យវប្បធម៌ អប់រំ និងទេសចរណ៍ ដែលនឹងផ្តល់ផលប្រយោជន៍រួមដល់ភាគីប្រទេសយើងទាំងពីរ កម្ពុជា-ចិន នាពេលអនាគត។
គួរបញ្ជាក់ថា ដោយមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គណៈប្រតិភូចិនក៏បានចូលទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងប្រាសាទនានាក្នុងតំបន់អង្គរផងដែរ៕

To Top