លោក Xi Jinping ប្រធានរដ្ឋចិន ឆ្លើយតបលិខិត របស់សិស្សានុសិស្សចិន និងអាមេរិកដែលចូលរួម ក្នុងសកម្មភាព “ដំណើររួមគ្នា ៖ មិត្តភាពយុវជនចិន-អាមេរិក”
ពេលថ្មីៗ កន្លងទៅនេះ លោកXi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបលិខិតរបស់សិស្សានុសិស្សចិននិងអាមេរិកដែលចូលរួមក្នុងសកម្មភាព”ដំណើររួមគ្នា៖ មិត្តភាពយុវជនចិន-អាមេរិក”។
លោកXi Jinpingបានថ្លែងថា ចាប់តាំងពីខ្ញុំផ្តួចផ្តើមគំនិត “អញ្ជើញយុវជនអាមេរិក ចំនួន ៥០០០០ នាក់ មកកាន់ប្រទេសចិន ដើម្បីធ្វើទស្សនាកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធ ក្នុងរយៈពេលប្រាំឆ្នាំ” នៅខែវិច្ឆិកា ឆ្នាំ ២០២៣មក មានយុវជនអាមេរិកជាង ៥០០០០ នាក់ បានមកទស្សនកិច្ចសិក្សា នៅប្រទេសចិន ដែលជាការបើកទំព័រថ្មីមួយសម្រាប់ការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ។
លោកXi Jinpingបានបន្តថា សង្ឃឹមថា យុវជនចិន និងអាមេរិកកាន់តែច្រើនឡើងៗនឹងរៀនសូត្រពីគ្នាទៅវិញទៅមក និងរីកចម្រើនជាមួយគ្នា ក្លាយជា “បេសកជនមិត្តភាព” ដែលឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីរួមចំណែកថ្មីដល់ការអភិវឌ្ឍប្រកបដោយស្ថិរភាព រឹងមាំ និងចីរភាពនៃទំនាក់ទំនងចិន-អាមេរិក ។
គួរបញ្ជាក់ថា ថ្មីៗនេះ សិក្សានុសិស្សចិន និងសហរដ្ឋអាមេរិក ដែលចូលរួមក្នុងសកម្មភាព”ដំណើររួមគ្នា៖ មិត្តភាពយុវជនចិន-អាមេរិក”បានសរសេរលិខិតផ្ញើជូនលោកXi Jinping ប្រធានរដ្ឋចិន ដើម្បីថ្លែងអំណរគុណចំពោះការផ្តួចផ្តើមគំនិត “៥ ឆ្នាំ ៥០០០០នាក់” ដែលបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ការរៀនសូត្រពីគ្នា និងការផ្លាស់ប្តូររវាងយុវជននៃប្រទេសទាំងពីរ៕
