ព័ត៌មានជាតិ

ពលរដ្ឋខ្មែរម្នាក់ ស្លាប់ដោយគ្រាប់បែកចង្កោមថៃ សល់ពីសង្គ្រាម ឈ្លានពានកម្ពុជា

ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ បានស្លាប់ ដោយសារសំណល់គ្រាប់បែកចង្កោម ពីសង្គ្រាមសៀម ឈ្លានពានកម្ពុជា នាពេលកន្លងមក ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់នេះ កើតឡើង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានករណី ប្រជាពលរដ្ឋបាត់បង់ជីវិតដោយសារគ្រោះថ្នាក់កាប់ឈើអុសដុត ប៉ះគ្រាប់បែកចង្កោមផ្ទុះស្លាប់នៅហ្នឹងកន្លែង ។

លោកថា គ្រាប់បែកចង្កោមនេះ ជាប្រភេទគ្រាប់បែកចង្កោមM46 ជាសំណល់គ្រាប់បែកចង្កោម ពីសង្គ្រាមសៀមឈ្លានពាន។ បញ្ជាក់ថា តំបន់ភូមិនេះ រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម ទាំងសង្គ្រាមទាំង២លើកក្នុងឆ្នាំ២០២៥ ។

លោកបន្ថែមថា ក្រោយមានកិច្ចព្រមព្រៀង បទឈប់បាញ់រវាងប្រទេសទាំងពីរ កងកម្លាំងជំនាញអង្គភាពCMAC បានបោសសម្អាត ដើម្បីធានាសុវត្ថិភាព នៅតំបន់តាមលំនៅឋាន របស់ប្រជាពលរដ្ឋ ក្នុងភូមិនេះទាំងស្រុង និងបានហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា តំបន់ព្រៃខាងក្រោយភូមិ និងតំបន់កសិកម្មមួយចំនួនជាអាទិភាពបន្ត។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា បានចូលរួមរំលែកទុក្ខ ចំពោះមរណភាព របស់ប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ស្លាប់ ដោយសារគ្រាប់បែកចង្កោមសៀម ឈ្លានពានដែលជាទង្វើប្រឆាំង អនុសញ្ញាហាមប្រាម ការប្រើប្រាស់គ្រាប់បែកចង្កោមក្រុងអូស្តូ ៕

To Top