ព័ត៌មានជាតិ

អ្នកស្រីឡេង ចាន់ណានិងបក្ខពួក ទទួលស្គាល់ថា ទទួលប្រាក់ជិត១០០លានដុល្លារ

ភ្នំពេញ ៖ អ្នកស្រី ឡេង ចាន់ណា និង បក្ខពួកទទួលស្គាល់ថា បានទទួលទឹកប្រាក់ពី៩៣ ទៅ ៩៨ លានដុល្លារទិញដីអភិវឌ្ឍន៍គម្រោង ។
យោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១០ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយ របស់អង្គភាពប្រឆាំង អំពើពុករលួយ(ACU) នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានលើកឡើងអំពីបច្ចុប្បន្នភាព នៃការស៊ើបអង្កេត របស់សាលាដំបូងខេត្តសៀមរាប លើករណីអ្នកស្រី ឡេង ចាន់ណា ដែលជារឿងរដ្ឋប្បវេណី ១៩ សំណុំរឿង និងព្រហ្មទណ្ឌ ៣២ សំណុំរឿង និងបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់ ACU លើលោក ស៊ាន បូរ៉ាត អនុប្រធាន ACU និងអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបញ្ជាក់ថា អ្នកស្រី ឡេង ចាន់ណា និងបុគ្គលឈ្មោះ ចាន់ ឃិន និងឈ្មោះផុន សាមាន ទទួលស្គាល់ថា បានទទួលប្រាក់ពី ៩៣ ទៅ ៩៨ លានដុល្លារ ពី “មេ២៥” ហើយបានយកលុយទាំងនោះ ទិញដីអភិវឌ្ឍន៍គម្រោង ផ្តល់ការប្រាក់ទៅឱ្យ “មេ ២៥” និងផ្តល់ការប្រាក់ទៅឱ្យអ្នកដែលបានចំណាយប្រាក់វិនិយោគ ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបន្ថែមថា លទ្ធផលសវនាការសាលាឧទ្ធរណ៍ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ និងប្រកាសសាលដីកាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ករណី លោក កន សុខកាយ លោក ដួង តារា លោកលី សាម៉េត និងលោកឡាច សំរោង បានចោទប្រកាន់ពីបទប៉ុនប៉ងសូកប៉ាន់ ។

សូមបញ្ជាក់ថា អតីតឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៊ីធីវើល» ត្រូវបានកម្លាំងនគរបាល ខេត្តសៀមរាបចាប់ខ្លួន កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្នុងករណីឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លីផ្ទះ និងការវិនិយោគរាប់លានដុល្លារ ៕

To Top