ក្រសួងសុខាភិបាល និងតំណាងស្ថានទូត ប្រទេសលុច សំបួប្រចាំកម្ពុជា និងឡាវ ចុះ MoU
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា និងតំណាងស្ថានទូត នៃប្រទេសលុចសំបួប្រចាំកម្ពុជា និងប្រទេសឡាវ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា(MoU) ស្តីពី កិច្ចសហប្រតិបត្តិការ អភិវឌ្ឍវិស័យ សុខាភិបាលនៅភាគឦសានកម្ពុជា ។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងតំណាងស្ថានទូត នៃប្រទេសលុចសំបួប្រចាំកម្ពុជា និងប្រទេសឡាវ លោក Thomas Lammar ដែលជាភារធារីស្តីទី នៃស្ថានទូតលុចសំបួប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។
សាស្ត្រាចារ្យរដ្ឋមន្ត្រី ស្វាគមន៍យ៉ាង កក់ក្តៅ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសលុចសំបួ ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្ម ដល់វិស័យសុខាភិបាលកម្ពុជា និងសុខុមាលភាពប្រជាជន។

សាស្ត្រាចារ្យរដ្ឋមន្ត្រីគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងការរឹតចំណងភាពជាដៃគូរវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទូទៅ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរួម ក្នុងការប្រែក្លាយចក្ខុវិស័យឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង។

ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ ផ្តោតលើការគាំទ្រអាទិភាពសំខាន់ៗ ចំនួន៥ រួមមាន ៖ ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល , ការគាំទ្រសម្ភារបរិក្ខារពេទ្យ , ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល , សុខភាពបន្តពូជ មាតា ទារក និងកុមារ និងការផ្តល់ឈាម ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើតំបន់ដាច់ស្រយាល និងខេត្តភូមិភាគឦសាន រួមមានខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។

ជាមួយគ្នានេះ ភាគីលុចសំបួ បានជម្រាបពីផែនការ សកម្មភាពបន្ត រួមមាន ៖ ការចុះបំពេញបេសកកម្ម របស់ក្រុមការងារ ទីភ្នាក់ងារអភិវឌ្ឍលុចសំបួ (LuxDev) នៅកម្ពុជា នាខែកក្កដា ឆ្នាំ២០២៦ និងការបង្កើត ការិយាល័យតំណាង LuxDev នៅរាជធានីភ្នំពេញ ដើម្បីធានាប្រសិទ្ធភាពខ្ពស់នៃការសម្របសម្រួល និងការអនុវត្តកម្មវិធីសុខាភិបាលទ្វេភាគី ស្របតាមអាទិភាពជាតិ និងគោលដៅឈានទៅសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកល៕










