ព័ត៌មានជាតិ

ទូតកម្ពុជា ប្រចាំកូរ៉េ អនុញ្ញាតឱ្យ លោក សុវត្ថិ មុនីនាគ ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយលោក សុវត្ថិ មុនីនាគ (N’ John) កំពូលតារាចម្រៀងខ្មែរដែលពូកែទាំងក្បាច់រាំ និងលេងហ្គីតា ប្រចាំផលិតកម្ម Circa 13 Music របស់សហរដ្ឋអាមេរិក និងជាកូនប្រុសរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ក្នុងឱកាសក្រុមរបស់លោកមកសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីរួមគ្នាជាមួយតារាចម្រៀង K-pop នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ។

ក្នុងឱកាសនៃជំនួប លោក Pete Dinero អ្នកគ្រប់គ្រងក្រុមហ៊ុន Circa 13 Music បានជម្រាប ឯកអគ្គរាជទូតថា នេះជាលើកទី១ ដែលក្រុមរបស់លោក បានមកសម្តែងក្នុងកម្មវិធីប្រគំតន្រ្តីនៅទីក្រុងសេអ៊ូល។ លោកបន្តថា ក្រោយការសម្តែងថ្ងៃនេះ ក្រុមហ៊ុនរបស់លោក នឹងបន្តកិច្ចសហការកាន់តែល្អជាមួយក្រុមហ៊ុនសិល្បៈកម្សាន្តរបស់កូរ៉េ ដើម្បីឱ្យលោក N’ John មានឱកាសសម្តែងកាន់តែច្រើននៅប្រទេសកូរ៉េ ដោយសាររូបលោកមាន មហិច្ឆតាចង់ជំរុញប្រជាប្រិយភាពរបស់លោក N’ John ឱ្យកាន់តែល្បីល្បាញ ក្នុងទឹកដីនៃប្រទេសកូរ៉េ និងបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ឯកអគ្គរាជទូតបានសម្តែងមោទកភាព ដែលបានឃើញតារាចម្រៀងខ្មែរឡើងសម្តែងលើឆាកអន្តរជាតិ។ លោកសង្ឃឹមថា លោក N’ John នឹងអាចធ្វើការសហការជាមួយស្ថានទូត ក្នុងការចូលរួមសម្តែងក្នុងកម្មវិធីធំៗរបស់ស្ថានទូត ដើម្បីឱ្យពលរដ្ឋខ្មែរបានជួប និងទស្សនាការសម្តែងរបស់លោក ។
លោកជម្រាបលោក N’ John ថា ឆ្នាំក្រោយជាឆ្នាំពិសេស នៃទំនាក់ទំនងការទូតគម្រប់ខួប ៣០ឆ្នាំ រវាងប្រទេសកម្ពុជា-កូរ៉េ លោកចង់ឱ្យមានការ បង្ហាញអំពីសិល្បៈចម្រៀងរួមគ្នា រវាងកម្ពុជា-កូរ៉េ ដែលបញ្ចូលនូវវប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីឱ្យបណ្តាអង្គទូត និងភ្ញៀវបរទេសបានទស្សនា និងស្គាល់កាន់តែច្រើនអំពីវប្បធម៌ដ៏សំបូរ បែបរបស់ប្រទេសកម្ពុជា៕

To Top