ព័ត៌មានជាតិ

កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនតាមរយៈ ការប្រើប្រាស់កម្លាំងជាដាច់ខាត ឬការទាមទារទឹកដីជាឯកតោភាគី ដោយប្រទេសថៃនោះទេ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានធ្វើការតវ៉ាជាផ្លូវការប្រឆាំង នឹងការបន្តរំលោភបំពានរបស់ភាគីថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ដែលកងទ័ពថៃ បានកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការតវ៉ាថ្មីៗនេះ ពាក់ព័ន្ធនឹងការសាងសង់ព្រះពុទ្ធបដិមា យ៉ាងតិចចំនួន៣៦អង្គ នៅទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន២ នៅក្នុងខេត្តព្រះវិហារ។

បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃ បានបន្តពង្រឹងការគ្រប់គ្រង និងការកាន់កាប់ដោយខុសច្បាប់ លើទឹកដីកម្ពុជា តាមរយៈការសាងសង់សំណង់អចិន្ត្រៃយ៍នានា ដូចជា ផ្លូវ ព្រះពុទ្ធបដិមាធំៗ ការដំឡើង និងពង្រឹងរបាំងបិទផ្លូវ ដោយប្រើទូកុងតឺន័រ និងបន្លាលួស ការសាងសង់បង្គោល ទង់ជាតិនៅទីតាំងមួយចំនួន ព្រមទាំងការរៀបចំសកម្មភាពវប្បធម៌ និងទេសចរណ៍ផ្សេងៗ។

សកម្មភាពទាំងនេះ មិនអាចចាត់ទុកបានថាជាវិធានការ រក្សាទីតាំងឈរជើងកងទ័ពនោះទេ គឺវាជួយ យ៉ាងច្បាស់ទៅនឹងវិធានការដែលចែង នៅក្នុងចំណុចរ៉ូម៉ាំងI នៃសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសក្នុងចំណុចទី២ និងទី៣៖

ចំណុចទី២៖ ភាគីទាំងពីរឯកភាពគ្នា រក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួន នៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័ត កងកម្លាំងបន្ថែមទៀត។ មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំង ដោយរាប់បញ្ចូលទាំងការល្បាត ចូលទៅទីតាំងរបស់ភាគីម្ខាងទៀត។

ចំណុចទី៣៖ ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះ ពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាព គ្នាប្រគល់តួនាទី ឱ្យគណៈកម្មការចម្រុះព្រំដែន បន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបាន ឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវ សន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែន។
ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមាន ស្រាប់នៃគណៈកម្មការចម្រុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ របស់ក្រុមការងារស់វែងចម្រុះ នៅលើទីតាំងជាក់ស្ដែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈ កម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់ រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។

រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនតាមរយៈ ការប្រើប្រាស់កម្លាំងជាដាច់ខាត ឬការទាមទារទឹកដីជាឯកតោភាគី ដោយប្រទេសថៃនោះទេ ហើយសកម្មភាពដូចបាន រៀបរាប់ខាងលើនឹងមិនធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិ របស់ខ្លួននោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវឱ្យប្រទេសថៃ គោរពតាមការប្តេជ្ញាចិត្ត ដែលបានធ្វើឡើងក្នុងសេចក្តី ប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីស្តារឡើងវិញនូវ ជំនឿ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិត ខាងល្អ តាមបណ្ដោយព្រំដែន រួមរវាងប្រទេសទាំងពីរ ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC)៕

To Top