សម្តេចធិបតី ៖ ជាការពិតណាស់ កុមារជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះ បានសម្រាប់ការ អភិវឌ្ឍប្រទេសជាតិ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានឱ្យដឹងថា ជាការពិតណាស់ កុមារ គឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះ បានសម្រាប់ ការអភិវឌ្ឍប្រទេសជាតិ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះ នៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ»។
សម្ដេចធិបតី បន្ដថា ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរម្លឹកដល់ការ អនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា ប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និង ងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភ បំពានគ្រប់ទម្រង់ បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅ និងអភិវឌ្ឍដោយ សុខដុមរមនា ក្រោមម្លប់សន្តិភាព។
សម្ដេចធិបតី គូសបញ្ជាក់ថា «ជាការពិតណាស់ កុមារគឺជាធនធានដ៏មានតម្លៃនិងមិនអាច ខ្វះបានសម្រាប់ការ អភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាវិស័យ អាទិភាពចម្បងបំផុត ក្នុងចំណោមអាទិភាពទាំង៥»។
សម្ដេចធិបតី បន្ដទៀតថា ហេតុនេះ ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋាន គ្រឹះដ៏រឹងមាំ នៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញសន្ទុះការ អភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន និងរុងរឿងនាពេលអនាគត៕
