ព័ត៌មានអន្តរជាតិ

ក្រុមអ្នកតវ៉ានៅអាមេរិក ត្រូវបានចាប់ខ្លួន បន្ទាប់ពីការប៉ះទង្គិចគ្នា នៅមជ្ឈមណ្ឌលឃុំឃាំង ICE 

បរទេស៖ យ៉ាងហោចណាស់មានអ្នកតវ៉ាចំនួន ២០ នាក់ត្រូវបានចាប់ខ្លួននៅខាងក្រៅមណ្ឌលឃុំឃាំង ជនអន្តោប្រវេសន៍មួយក្នុងទីក្រុង Newark រដ្ឋ New Jersey បន្ទាប់ពីពួកគេបានរំលោភ លើបម្រាមគោចរ ដែលទើបនឹងដាក់ចេញថ្មីៗនេះ នេះបើយោងតាមក្រសួងសន្តិសុខ មាតុភូមិសហរដ្ឋអាមេរិក (DHS)។
 
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ថា ការចាប់ខ្លួនទាំងនេះបានកើតឡើង នៅយប់ថ្ងៃអាទិត្យនៅឯមណ្ឌល Delaney Hall បន្ទាប់ពីការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងក្រុមបាតុករ និងការអនុវត្តច្បាប់អស់រយៈពេលជាច្រើនថ្ងៃ។
 
មន្ត្រីប៉ូលីសបានចូលទៅដល់បន្ទាប់ពីហ្វូងមនុស្សមិនអាចបំបែកបាន។ ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងឃាត់ខ្លួនសកម្មជន ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅមណ្ឌលឃុំឃាំងបន្ទាប់ពីបម្រាមគោចរនៅម៉ោង ៩:០០ យប់ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។
 
មណ្ឌល Delaney Hall គឺជាចំណុចកណ្តាលនៃការតវ៉ាចាប់តាំងពីចុងខែឧសភា នៅពេលដែលមេធាវីរបស់អ្នកជាប់ឃុំបាននិយាយថា កូដកម្មអត់អាហារបានចាប់ផ្តើមដោយសារតែស្ថានភាពនៅក្នុងមណ្ឌល។ អ្នកដែលត្រូវបានឃុំខ្លួននៅទីនោះបានប្រាប់ក្រុមសិទ្ធិមនុស្សថា ពួកគេត្រូវបានបម្រើអាហារផុតកំណត់ ត្រូវបានគេបដិសេធការថែទាំសុខភាព និងទទួលរងការរំលោភបំពានដោយអាជ្ញាធរ។ ភាពចលាចលកាន់តែខ្លាំងឡើងបន្ទាប់ពីមន្ត្រីប្រជាធិបតេយ្យ រួមទាំងអភិបាលរដ្ឋ New Jersey លោក Mikie Sherrill បានចោទប្រកាន់ប្រតិបត្តិករថា បានធ្វើឱ្យជនអន្តោប្រវេសន៍ទទួលរងនូវលក្ខខណ្ឌអមនុស្សធម៌ និងកំណត់ការចូលទៅកាន់អ្នកទស្សនា។
 ប្រែសម្រួលៈ ណៃ តុលា

To Top