ព័ត៌មានជាតិ

សម្តេចតេជោ ៖ អាគារពន្ធដារថ្មី គឺធំជាងគេ ក្នុងចំណោមអាគាររដ្ឋ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអាគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានកោតសរសើរថា គឺជាអាគារធំជាងគេ ក្នុងចំណោមអាគាររដ្ឋផ្សេងទៀត ។

សម្តេចតេជោ មានប្រសាសន៍ទៀតថា ក្នុងចំណោមអាគាររដ្ឋធំជាច្រើន ដែលបានសាងរួចរាល់ គឺមានតែអាគារនៃមជ្ឈមណ្ឌលពន្ធដារនេះទេ ដែលមានទំហំធំជាងគេបំផុត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

សម្តេចតេជោបញ្ជាក់ថា “ជាជោគជ័យមួយដែលបានដាក់… អាចនិយាយបានថា ជាអាគារដែលធំជាងគេ នៅក្នុងចំណោមអាគាររដ្ឋ អាគារវិមានសន្តិភាពមានតែ៥ម៉ឺនម៉ែត្រការ៉េទេ វិមាន៧មករា មានតែ៥ម៉ឺន៧ពាន់ម៉ែត្រការ៉េ តែអាគារនេះមានជាង១៥ម៉ឺនម៉ែត្រការ៉េ” ។

សម្តេចតេជោបន្តថា នេះគឺជាសមិទ្ធផលដែលបានកើតចេញពីគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមការដឹកនាំដោយឯកឧត្តម គង់ វិបុល ក្រោមការគាំទ្រពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងនាយករដ្ឋមន្រ្តីកម្ពុជា ។

សូមបញ្ជាក់ថា អាគារអគ្គនាយកដ្ឋានពន្ធដារថ្មីនេះ ត្រូវបានរៀបចំដោយមានការគិតគូរបានយ៉ាងល្អិតល្អន់ ដោយបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និងការធានាសន្តិសុខនិងសុវត្ថិភាពរបស់អាគារ គួបផ្សំជាមួយរចនាបថ និងស្នាដៃវប្បធម៌ខ្មែរយ៉ាងប្រណីត។ ជាងនេះ អគារត្រូវបានរៀបចំដោយមានមុខងារគ្រប់ជ្រុងជ្រោយ ដែលអាចបម្រើដល់គ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការបំពេញការងារ ការមកទទួលសេវាពន្ធដារ និងការទទួលបានសេវាគាំទ្រពាក់ព័ន្ធផ្សេងៗទៀត៕

To Top