ប្រេស៊ីល នឹងពិភាក្សាជាមួយ សហរដ្ឋអាមេរិក លើការគំរាមកំហែង ចំពោះអធិបតេយ្យភាពហិរញ្ញវត្ថុរបស់ខ្លួន
ប្រេស៊ីល៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រេស៊ីល លោក Dario Durigan បានឲ្យដឹងថា លោកនឹងជួបជាមួយអាជ្ញាធរ សហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការកំណត់អង្គការឧក្រិដ្ឋកម្មជាក្រុមភេរវករអន្តរជាតិ ដែលជាចលនាមួយដែលអាចគំរាមកំហែងដល់អធិបតេយ្យភាពហិរញ្ញវត្ថុរបស់ប្រទេសប្រេស៊ីល។
យោងតាមលោក Durigan ការដាក់ស្លាកក្រុមឧក្រិដ្ឋជន Primeiro Comando da Capital (First Capital Command) និង Comando Vermelho (Red Command) ជាភេរវករ អាចបើកទ្វារទៅរកទណ្ឌកម្ម ដែលអាចប៉ះពាល់ដល់ប្រព័ន្ធ Pix ដែលជាប្រព័ន្ធទូទាត់ប្រាក់ភ្លាមៗរបស់ប្រេស៊ីល ដែលបង្កការគំរាមកំហែងដល់អធិបតេយ្យភាព។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ CBN លោក Durigan បានព្រមានថា វិធានការរបស់សហរដ្ឋអាមេរិក អាចមានផលវិបាកសម្រាប់ស្ថាប័នហិរញ្ញវត្ថុប្រេស៊ីល និងថែមទាំងធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់ប្រព័ន្ធ Pix ទៀតផង។ លោក Durigan បានលើកឡើងថា ក្រុមឧក្រិដ្ឋជនបង្ក “ភេរវកម្មសង្គម” និងរំខានដល់សេវាសាធារណៈនៅក្នុងតំបន់ផ្សេងៗនៃប្រទេស ប៉ុន្តែបានសង្កត់ធ្ងន់ថា ពួកគេមិនបំពេញតាមលក្ខណៈវិនិច្ឆ័យ ដែលបង្កើតឡើងដោយច្បាប់សហរដ្ឋអាមេរិក ដើម្បីចាត់ថ្នាក់ពួកគេជាអង្គការភេរវកម្មអន្តរជាតិនោះទេ។
លោកបានបន្ដន៍ថា «អង្គការទាំងនេះមិនវាយប្រហារសហរដ្ឋអាមេរិក ឬប៉ះពាល់ដល់អធិបតេយ្យភាពរបស់ខ្លួនទេ។ យើងជឿជាក់ថា ការបកស្រាយនេះ គឺជាការអនុវត្តដោយបង្ខំនូវតម្រូវការផ្នែកច្បាប់»។ រដ្ឋាភិបាលប្រេស៊ីលកំពុងធ្វើការ ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតមានពីវិធានការនេះ និងការពារប្រតិបត្តិការរបស់ប្រព័ន្ធ Pix ដែលជាប្រព័ន្ធទូទាត់ឌីជីថលឥតគិតថ្លៃ ដែលអនុវត្តដោយធនាគារកណ្តាល ដែលបានក្លាយជាមធ្យោបាយ ប្រតិបត្តិការចម្បងសម្រាប់ប្រជាជនប្រេស៊ីល៕
ប្រែសម្រួល ឈូក បូរ៉ា
