ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ផ្អាកបញ្ជូនសារ តាមអ្នកសម្របសម្រួល លោក ដូណាល់ ត្រាំ ព្រមានវាយប្រហារអ៊ីរ៉ង់ឡើងវិញ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ មិនបានជូនដំណឹងដល់ ទីក្រុងវ៉ាស៊ីនតោន មុនពេលផ្អាកការចរចានោះទេ ហើយថាចលនានេះនឹងមិននាំឱ្យមានការ វាយប្រហារធំៗ ឡើងវិញរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ នោះទេ។ លោក បានប្រាប់ NBC News ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា “ពួកគេមិនបានជូនដំណឹងដល់យើងអំពីរឿងនោះទេ ខ្ញុំគិតថាវាល្អ ខ្ញុំក៏មិនចង់និយាយដែរ យើងនិយាយច្រើនពេក”។

លោក ដូណាល់ ត្រាំ បានលើកឡើងថា “វាមិនមានន័យថា យើងនឹងទៅចាប់ផ្តើមទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់នោះទេ។ យើងនឹងរក្សាការបិទផ្លូវ”។ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Tasnim បានរាយការណ៍កាលពីថ្ងៃចន្ទថា ទីក្រុងតេអេរ៉ង់ បានផ្អាកការផ្លាស់ប្តូរសារជាមួយទីក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួលក្នុងការតវ៉ាប្រឆាំងនឹងសកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់។

បើទោះជាយ៉ាងណាមួយថ្ងៃក្រោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកជឿជាក់ថា សហរដ្ឋអាមេរិក នឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីពង្រីកបទឈប់បាញ់ និងបើកច្រកសមុទ្រហ័រមូស ឡើងវិញ «ក្នុងរយៈពេលមួយសប្តាហ៍ក្រោយ»។ នៅពេលសួរថា ពេលណាអនុស្សរណៈនៃការយោគយល់គ្នាដែលភាគីទាំងពីរបានចរចានឹងត្រូវបានបញ្ចប់ និងយល់ព្រម លោក ត្រាំ បានប្រាប់ ABC News ថា «ខ្ញុំគិតថា អ្នកកំពុងនិយាយអំពីក្នុងរយៈពេលមួយសប្តាហ៍ក្រោយ»។

លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកមិនទាន់យល់ព្រមលើវានៅឡើយទេ ពីព្រោះលោកត្រូវតែ «ទទួលបានចំណុចមួយចំនួនទៀត» ដោយបន្ថែមថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ អាច «ប្រសើរជាងជ័យជម្នះយោធា»។

ប្រធានាធិបតីអាមេរិករូបនេះបានបន្ដថា «ដូច្នេះ វាមិនមែនជារឿងងាយស្រួលសម្រាប់ពួកគេទេ។ តាមពិតទៅ វាមិនងាយស្រួលទេ ពីទស្សនៈរបស់យើងដែរ ប៉ុន្តែយើងកំពុងទទួលបានអ្វីដែលយើងត្រូវការ»។

មុននេះបន្តិចពោលគឺនៅថ្ងៃចន្ទ លោក ត្រាំ បានសរសេរនៅលើបណ្ដាញ Truth Social របស់លោកថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «កំពុងបន្តក្នុងល្បឿនលឿន» បន្ទាប់ពីការប្រកាសរបស់លោកថា អ៊ីស្រាអែល និងហេសបូឡា បានយល់ព្រមបញ្ឈប់ការវាយប្រហារគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top