ព័ត៌មានជាតិ

លោក ឃួន ផុនរតនៈ និងមន្ទីរពេទ្យរបស់ប្រទេសកូរ៉េខាងត្បូងចុះ MOU ផ្តល់សេវាសុខាភិបាលឱ្យពលរដ្ឋខ្មែរ

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងនាយកមន្ទីរពេទ្យ Soonchunhyang នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយគ្នា ដើម្បីផ្តល់សេវាសុខាភិបាល ឱ្យប្រជាពលរដ្ឋរស់នៅកូរ៉េខាងត្បូងអាចទទួលបានសេវាថែទាំសុខភាពដ៏ល្អប្រសើរ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យ Soonchunhyang ក្នុងទីក្រុងសេអ៊ូល ។

អនុស្សរណៈយោគយល់គ្នា (MOU)នេះ ធ្វើឡើងក្នុងគោលបំណងធានាថា ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅប្រទេសកូរ៉េ អាចទទួលបានសេវាថែទាំសុខភាពដ៏ល្អ ក្នុងតម្លៃសមរម្យ និងជាយន្តការមួយសម្រាប់ស្ថាប័នទាំងពីរ បន្តសហការធ្វើការរួមគ្នា ក្នុងនាមជាអ្នកជិតខាង និងជាដៃគូដ៏ជិតស្និទ្ធ ក្នុងបេសកកម្មមនុស្សធម៌ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសកូរ៉េ។

លោកវេជ្ជបណ្ឌិត Suh You-Sung នាយកមន្ទីរពេទ្យ Soonchunhyang បានមានប្រសាសន៍ថា មន្ទីរពេទ្យរបស់លោកនេះ បានចាប់ផ្តើមបេសកកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ ។ ក្នុងរយៈពេល ២៤ឆ្នាំកន្លងទៅនេះ មន្ទីរពេទ្យបានចូលរួមចំណែកយ៉ាងច្រើនក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងប្រទេសកម្ពុជា រួមមាន ៖ ការកសាងមន្ទីរពេទ្យ ,ការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត , ការបណ្តុះបណ្តាលក្រុមគ្រូពេទ្យកម្ពុជា និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាដើម។

លោកវេជ្ជបណ្ឌិតបន្តថា លោកនឹងខិតខំប្រឹងប្រែងបន្ថែមទៀតជួយដល់ប្រទេសកម្ពុជា លើវិស័យសុខាភិបាល ពិសេសការបណ្តុះធនធានមនុស្ស ដើម្បីជាទុនដ៏រឹងមាំក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងប្រទេសកម្ពុជា។

សម្រាប់ឯកអគ្គរាជទូត បានថ្លែងអំណរគុណ ចំពោះក្រុមគ្រួសារមន្ទីរ Soonchunhyang ដែលជានិច្ចជាកាលតែងតែ ចូលរួមសហការជាមួយស្ថានទូត ក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ទាំងនៅប្រទេសកម្ពុជា និងកូរ៉េ ដូចជា ឧបត្ថម្ភថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ជូនដល់ជនភៀសសឹក មណ្ឌលកុមារកំព្រា និង មន្ទីរពេទ្យក្នុងប្រទេសកម្ពុជា និងផ្តល់ការពិនិត្យសុខភាព ដោយឥតគិតថ្លៃជូនពលរដ្ឋខ្មែរនៅកម្ពុជា ក៏ដូចជាតាមតំបន់នានាក្នុងប្រទេសកូរ៉េ ។

លោកជឿជាក់ថា តាមរយៈការចុះ MOU នេះ ស្ថាប័នទាំងពីរ នឹងអាចបង្កើនកិច្ចសហការកាន់តែជិតស្និទ្ធបន្ថែមទៀត លើគម្រោងមនុស្សធម៌ផ្សេងទៀតនាពេលខាងមុខ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស៕

Screenshot
To Top