ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហួត ហាក់៖ ប្រព័ន្ធទូទាត់ QR ឆ្លងដែនកម្ពុជា-ឥណ្ឌា នឹងទាក់ទាញភ្ញៀវទេសចរ និងប្រជាជនឥណ្ឌាបន្ថែម មកទស្សនាកម្ពុជា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានគូសបញ្ជាក់ថា ប្រព័ន្ធទូទាត់ QR ឆ្លងដែនរវាងកម្ពុជា-ឥណ្ឌា ពិតជាផ្តល់នូវភាពងាយស្រួល និងការទាក់ទាញបន្ថែមដល់ភ្ញៀវទេសចរ និងប្រជាជនឥណ្ឌា មកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនឡើង ។

លោក ហួត ហាក់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា អបអរសាទរក្នុងឱកាស នៃពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ដែលបានរៀបចំឡើង ដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានទូតឥណ្ឌា ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបានសហការយ៉ាងជិតស្និទ្ធ ក្នុងការសម្រេចបាន នូវសមិទ្ធផលដ៏សំខាន់នេះ។លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែននេះ មិនត្រឹមតែជាការរីកចម្រើន ផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់ប្រជាជន អាជីវកម្ម និងភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ ដែលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យក្លាយជាវិស័យដ៏ទំនើប ធន់ និងមានភាពប្រកួតប្រជែង ដែលជាវិស័យត្រូវបានចាត់ទុកជា «មាសបៃតង» ដោយសម្តេចតេជោ ហ៊ុន​ សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា។

លោករដ្ឋមន្ត្រី ក៏បានគាំទ្រចំពោះការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែនរវាងប្រទេសទាំងពីរនេះ ដែលនឹងផ្តល់នូវភាពងាយស្រួល ក្នុងការធ្វើដំណើរ គាំទ្រដល់អាជីវកម្មទេសចរណ៍ និងជំរុញការកសាងសេដ្ឋកិច្ចឌីជីថល ដែលមានភាពតភ្ជាប់ និងបរិយាបន្ន និងជាការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។ បន្ថែមពីលើនេះ ប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែននេះ ក៏នឹងជួយលើកកម្ពស់ បទពិសោធការធ្វើដំណើរដ៏រលូន របស់ភ្ញៀវទេសចរ និងប្រជាជនឥណ្ឌា និងបង្កើតឱកាសថ្មីៗ សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងកម្ពុជា និងឥណ្ឌា តាមរយៈការបង្កើនចំនួនភ្ញៀវទេសចរ ការពង្រឹងការតភ្ជាប់ជើងហោះហើរ ការលើកកម្ពស់ទេសចរណ៍សាសនា និងសុខុមាលភាព ព្រមទាំងការពង្រឹងកិច្ចសហការ រវាងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។

គួរឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជា បានទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ ២២.០០០នាក់ ហើយរំពឹងថា ចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត តាមរយៈការពង្រឹងការតភ្ជាប់ ការសម្រួលការធ្វើដំណើរ និងការអនុវត្តគំនិតផ្តួចផ្តើមថ្មីៗ ដែលជួយបង្កើនភាពងាយស្រួល និងបទពិសោធរបស់ភ្ញៀវទេសចរ ជាពិសេសព្រឹត្តការណ៍យោគៈអន្តរជាតិ ដែលនឹងរៀបចំនៅក្នុងប្រទេសកម្ពុជា៕

To Top