លោក Rubio លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាព និងនុយក្លេអ៊ែរជាមួយនឹងអ៊ីរ៉ង់ ត្រៀមបញ្ចប់ទៅក្នុងពេលឆាប់ៗនេះ
បរទេស ៖ ទីភ្នាក់ងារចិនសិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់ ស្ថិតក្នុងការឈានទៅដល់ ហើយថា អ៊ីរ៉ង់បានយល់ព្រមក្នុងការចរចា អំពីទិដ្ឋភាពនៃកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនទៀតផង ។
លោកRubio បានធ្វើការលើកឡើងនេះក្នុងអំឡុង ពេលសវនាការនៅចំពោះមុខគណៈកម្មាធិការ ទំនាក់ទំនងបរទេសព្រឹទ្ធសភាសហរដ្ឋអាមេរិក។
លោកបានថ្លែងថា៖ឥឡូវនេះយើងកំពុងពិភាក្សាគ្នា។ មានការរំពឹងទុកនៅចំពោះមុខយើង ដែលអាចកើតឡើងនៅថ្ងៃនេះ វាអាចកើតឡើងនៅថ្ងៃស្អែក វាអាចកើតឡើងនៅសប្តាហ៍ក្រោយ ដែលជាលើកដំបូង នៅក្នុងការចងចាំរបស់ខ្ញុំ ពួកគេបានយល់ព្រមចរចាទិដ្ឋភាព នៃកម្មវិធីនុយក្លេអ៊ែរ របស់ពួកគេរួចទៅហើយ។
លោកបាននិយាយទៀតថា កិច្ចព្រមព្រៀងសន្តិភាពជាដំណាក់កាលដំបូងនៃកិច្ចចរចាអាចសម្រេចបានក្នុងពេលឆាប់ៗនេះ ដែលនឹងរាប់បញ្ចូលទាំងអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញដោយមិនកំណត់ថ្លៃសេវា ការដកមីនទ័ពជើងទឹក និងបញ្ឈប់ការវាយប្រហារលើនាវានោះឡើយ។
លោកបានលើកឡើងម្តងទៀតនូវជំហររបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលថា អ៊ីរ៉ង់នឹងមិនទទួលបានការបន្ធូរបន្ថយទណ្ឌកម្មជាថ្នូរនឹងការបើកច្រកសមុទ្រឡើងវិញ។
លោកRubio បាននិយាយថា ដំណាក់កាលទី២នឹងតម្រូវឱ្យប្រទេសអ៊ីរ៉ង់ប្តេជ្ញាបោះចោលឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់បានខ្ពស់របស់ខ្លួន និងដើម្បីចរចា ការកំណត់រយៈពេលវែង និងធ្ងន់ធ្ងរ និងឬការលុបចោលសកម្មភាពចម្រាញ់ ដោយទទួលស្គាល់ថាវាអាចចំណាយពេលរាប់ខែ៕
ប្រែសម្រួល៖ស៊ុនលី
