សម្ដេចតេជោ ៖ គ្មានការយោគយល់ ចំពោះទីតាំងណាធ្វើជាកន្លែង ឆបោកតាមប្រព័ន្ធអនឡាញ និងមិនលើកលែងអ្នកពាក់ព័ន្ធ
កំពង់ធំ ៖ ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ, សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានថ្លែងប្រកាសថា គ្មានការយោគយល់ណាមួយចំពោះទីតាំងណាដែលយកធ្វើជាកន្លែងឆបោកតាមប្រព័ន្ធអនឡាញ និងអ្នកដែលពាក់ព័ន្ធ ក៏មិនត្រូវបានលើកលែងដែរ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំចំនួន ១១៨៩នាក់ ពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំនៃភោជនីយដ្ឋាន ឡូវ គឹមសេង ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
នាឱកាសនោះ សម្តេច ក៏បានរំឭកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន៖ ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។
សម្ដេចតេជោ ក៏បន្តឱ្យអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ការពារ និងថែរក្សាធនធានធម្មជាតិដែលមានក្នុងមូលដ្ឋាន ជាពិសេសខេត្តកំពង់ធំ គឺធនធានធម្មជាតិបឹងទន្លេសាប ត្រូវទប់ស្កាត់ការកាប់ទន្ទ្រានព្រៃលិចទឹក និងរួមគ្នាថែរក្សាឱ្យបានគង់វង្ស៕
