ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ផ្សាយថា កងកម្លាំង IRGC អ៊ីរ៉ង់ បានវាយប្រហារទីស្នាក់ការ កងនាវាទីប្រាំ និងមូលដ្ឋានទ័ពអាកាសអាមេរិក 

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃពុធថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់​ បានវាយប្រហារទីស្នាក់ការកណ្តាលកងនាវាទីប្រាំ របស់សហរដ្ឋអាមេរិក និងមូលដ្ឋានទ័ពអាកាស និងឧទ្ធម្ភាគចក្រនៅក្នុងប្រទេសក្នុងតំបន់មួយ ដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដើម្បីឆ្លើយតបទៅនឹងអ្វីដែល កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានពិពណ៌នាថា ជាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប៉មទំនាក់ទំនង មួយនៅភាគខាងត្បូងនៃកោះ Qeshm។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ថា កងទ័ពជើងទឹក កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានកំណត់គោលដៅនាវាដែលខ្លួនបានកំណត់អត្តសញ្ញាណថាជា Panaya ជាមួយនឹងមីស៊ីល ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនបាននិយាយថា ជាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើនាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងនៅជិតច្រកសមុទ្រ Hormuz ជាមួយនឹងគ្រាប់ផ្លោងដែលបានបំផ្លាញបន្ទប់ម៉ាស៊ីន, នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍។
 
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីរបស់ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលបាននិយាយថា “ការរំខានដល់សន្តិសុខនៃច្រកសមុទ្រ Hormuz នឹងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់យោធាអាមេរិក”៕
ប្រែសម្រួលៈ ណៃ តុលា

To Top