ឥណ្ឌា បង្ហាញចំណាប់អារម្មណ៍ ទិញយន្តហោះដឹកអ្នកដំណើរ២០០គ្រឿង ពីប្រទេសរុស្សី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានសាជីវកម្មយន្តហោះ United Aircraft Corporation (UAC) បាននិយាយថា ប្រទេសឥណ្ឌាបានបង្ហាញ ពីចំណាប់អារម្មណ៍ក្នុងការទិញយន្តហោះពាណិជ្ជកម្មរហូតដល់២០០ គ្រឿងពីប្រទេសរុស្ស៊ី។
ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសបានបង្ហាញពីចំណាប់អារម្មណ៍លើយន្តហោះ Il-114-300 និង SJ-100 នេះបើយោងតាមការបញ្ជាក់ដោយលោក Vadim Badekha ប្រធាន UAC បានប្រាប់ TASS នៅក្នុងបទសម្ភាសន៍មួយមុនវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF-2026)។
ប្រទេសរុស្ស៊ីបានបង្ហាញយន្តហោះ SJ-100 Superjet និងយន្តហោះ Il 114 300 turboprop នៅឯការតាំងបង្ហាញយន្តហោះ Wings India2026 នៅទីក្រុង Hyderabad កាលពីដើមឆ្នាំនេះ។
លោកBadekha បាននិយាយថា៖យើងកំពុងនិយាយអំពីយន្តហោះយ៉ាងហោចណាស់ពី១០០ទៅ២០០គ្រឿង ។ លោកបានបន្ថែមថា Superjet ដំបូងអាចនឹងត្រូវផលិតនៅក្នុងប្រទេសអាស៊ីខាងត្បូងក្នុងរយៈពេល ៣ ឆ្នាំ។
យន្តហោះដែលមានម៉ាស៊ីនភ្លោះ Superjet អាចផ្ទុកអ្នកដំណើរបានដល់ទៅ១០០នាក់ ខណៈដែល Il-114-300 អាចផ្ទុកបាន ៦៨នាក់ ។ យន្តហោះទាំងពីរនេះស្ថិតនៅក្រោមប្រភេទនៃយន្តហោះក្នុងតំបន់។ ពួកគេអាចត្រូវបានប្រើដើម្បីភ្ជាប់ទីក្រុងតូចៗទៅកាន់មជ្ឈមណ្ឌលអាកាសចរណ៍ធំ ៗ ។ សម្រាប់ប្រទេសឥណ្ឌា ពួកគេគឺល្អសម្រាប់ការតភ្ជាប់ទីក្រុងលំដាប់ទី២និងលំដាប់ទី៣ ដែលរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី
