ព័ត៌មានអន្តរជាតិ

គុយបា ច្រានចោលការចោទប្រកាន់ របស់អាមេរិកថា ខ្លួនជាអ្នកឧបត្ថម្ភភេរវកម្ម

ហាវ៉ាណា៖ ប្រទេសគុយបា បានបដិសេធការចោទប្រកាន់ដែលធ្វើឡើងដោយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានប្រាប់ព្រឹទ្ធសភាអាមេរិកថា ប្រទេសកោះមួយនេះឧបត្ថម្ភភេរវកម្ម។ លោក Bruno Rodriguez រដ្ឋមន្ត្រីការបរទេសគុយបា បានឲ្យដឹងថា ការដាក់បញ្ចូលប្រទេសគុយបា ទៅក្នុងបញ្ជីរដ្ឋ ដែលគាំទ្រភេរវកម្មរបស់សហរដ្ឋអាមេរិក គឺផ្អែកលើលក្ខណៈវិនិច្ឆ័យនយោបាយជាជាងភស្តុតាង។

លោក Rodriguez បានលើកឡើងថា ការកំណត់នេះគឺ “តាមអំពើចិត្ត និងគ្មានសីលធម៌ ដែលរដ្ឋមន្ត្រីការបរទេសអាមេរិកខ្លួនឯង ខ្វះអំណះអំណាងនៅ ចំពោះមុខសភារបស់ប្រទេសនោះ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការដាក់វិធានការព្រហ្មទណ្ឌនេះ” ។ លោកបានបន្ដថា ការកត់សម្គាល់របស់លោក Rubio បានបង្ហាញពីចេតនារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរក្សាសម្ពាធលើប្រទេសគុយបា ។

លោកបន្ដថា “របាំងមុខរបស់លោកត្រូវដួលរលំ។ ការលើកទឹកចិត្តនយោបាយ និងគោលបំណងតែមួយគត់របស់លោក បានក្លាយជាច្បាស់លាស់ ដើម្បីច្របាច់កសេដ្ឋកិច្ចគុយបា ដោយគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន បង្កឱ្យមានវិបត្តិមនុស្សធម៌ និងលើកកម្ពស់អន្តរាគមន៍យោធា នៅក្នុងប្រទេសគុយបា”។

រដ្ឋមន្ត្រីការបរទេសគុយបាក៏បានឲ្យដឹងផងដែរថា វាជារឿងគួរឱ្យព្រួយបារម្ភដែលសភាអនុញ្ញាតឱ្យ “ការកុហករបស់អ្នកបម្រើសាធារណៈឈរ”។ លោក Rubio បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលសវនាការរបស់ព្រឹទ្ធសភា ជាកន្លែងដែលលោកបានការពារការសម្រេចចិត្តរបស់រដ្ឋបាលលោក ត្រាំ ក្នុងការរក្សាប្រទេសគុយបានៅក្នុងបញ្ជីរដ្ឋដែលត្រូវបានចោទប្រកាន់ថា ជារដ្ឋឧបត្ថម្ភភេរវកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា

To Top