មេដឹកនាំកំពូលរុស្ស៊ី និងអ៊ុយក្រែន អាចនឹងជួបគ្នាដោយផ្ទាល់ តាមសំណេីរបស់សហរដ្ឋអាមេរិក ដេីម្បីបញ្ចប់សង្គ្រាម
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ស្វាគមន៍ចំពោះការរំពឹងទុក នៃការចរចាដោយផ្ទាល់ រវាងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដោយជំរុញឱ្យមេដឹកនាំទាំងពីរ ធ្វើការសម្របសម្រួល ដើម្បីបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនឆ្នាំ ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា “ខ្ញុំរីករាយដែលមេដឹកនាំទាំងពីរ ប្រហែលជាកំពុងនិយាយអំពីការជួបគ្នា” ជាការឆ្លើយតបទៅនឹងលិខិតចំហមួយ ដែលលោក ហ្សេឡិនស្គី បានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយលោក ពូទីន។ “ខ្ញុំគិតថាវានឹងអស្ចារ្យណាស់ ប្រសិនបើអ្នកទាំងពីរជួបគ្នា។ អ្នកទាំងពីរគួរតែធ្វើវាឱ្យបានសម្រេច”។
ប្រធានាធិបតីអាមេរិក បានលេីកឡេីងថា “មេដឹកនាំទាំងពីរនឹងធ្វើការសម្របសម្រួល ខ្ញុំបានស្នើឱ្យមានការសម្របសម្រួលទាំងនោះ ហើយ យើងមានទំនាក់ទំនងច្រើនជាមួយមេដឹកនាំទាំងពីរ” ប៉ុន្ដែលោក បានបដិសេធមិនបង្ហាញពីសម្បទានអ្វី ដែលមេដឹកនាំពីរបានយល់ព្រមធ្វើដើម្បី បញ្ចប់ជម្លោះនោះទេ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ លោក ហ្សេឡិនស្គី បានអំពាវនាវដល់លោក ពូទីន ឱ្យចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ ដើម្បីបញ្ចប់សង្គ្រាម ដោយអះអាងថា ការប្រយុទ្ធគ្នាជាបន្តបន្ទាប់ កំពុងប៉ះពាល់ដល់ធនធានរបស់រុស្ស៊ី និងជំហរអន្តរជាតិរបស់ខ្លួន។
លោកបានបន្ដនៅក្នុងលិខិតចំហ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែនថា “អ៊ុយក្រែន ស្នើឱ្យបញ្ចប់សង្គ្រាមនេះ តាមរយៈការចូលរួមដោយផ្ទាល់ រវាងមេដឹកនាំទាំងពីរ ខ្ញុំកំពុងស្នើឱ្យមានកិច្ចប្រជុំមួយ”៕
ប្រែសម្រួល ឈូក បូរ៉ា
