Feature

ថ្នាក់ដឹកនាំក្រសួងការងារ ចុះសួរសុខទុក្ខកម្មករ​ និយោជិត ដែលរងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោក​ ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនបងប្អូនកម្មករកម្មការិនីចំនួន ១៨ នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ១១ នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ស្ថិតនៅភូមិម្រាគ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

បច្ចុប្បន្ន កម្មករកម្មការិនីទាំងអស់ កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យចំនួនពីរទីតាំង ដោយក្នុងនោះមានអ្នករង របួសធ្ងន់ចំនួន ៥ នាក់ (រួមមានស្ត្រី ៣ នាក់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងអ្នករងរបួសស្រាលចំនួន ១៣ នាក់ (ដែលមានស្ត្រី ៩ នាក់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករំដួល។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោក​ ម៉ម វណ្ណៈ បានពាំនាំយកអំណោយរបស់លោករដ្ឋមន្ត្រី រួមមានផ្លែឈើ ១ កន្ត្រក និងថវិកាមួយចំនួន ផ្តល់ជូនដល់កម្មករកម្មការិនីម្នាក់ៗ ដើម្បីជួយសម្រាលការលំបាកក្នុងអំឡុងពេលសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវក្តីអាណិតអាសូរ និងជូនពរឱ្យបងប្អូន កម្មករនិយោជិតទាំងអស់ ឆាប់បានជាសះស្បើយពីរបួស ដើម្បីវិលត្រឡប់ទៅជួបជុំគ្រួសារ និងប្រកបការងារវិញ ដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះដែរ ក្រសួងការងារ​ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នឹងបន្តជួយដោះស្រាយ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនដល់ជនរងគ្រោះ ស្របតាមច្បាប់ និងរបបសន្តិសុខសង្គមជាធរមាន៕

To Top