Feature

សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋាន អន្តរជាតិណូយបាយ ទីក្រុងហាណូយ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋាន អន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព និងមានការស្វាគមន៍ពីសំណាក់ លោក ម៉ាច់ ហ៊ុង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមរំលឹកថា តបតាមការអញ្ជើញរបស់លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីវៀតណាម នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។

តាមផែនការគ្រោងទុក សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលថ្នាក់ដឹកនាំទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំងពីរ នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។

នាយករដ្ឋមន្ត្រីទាំងពីរ គ្រោងនឹងលើកយកមកពិភាក្សាផងដែរ នូវបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួម។

ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះ លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និងលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាជាតិវៀតណាម។

សម្ដេចធិបតី ក៏នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាពវិបុលភាព និងប្រជាជនជាស្នូលដែលសង្កត់ធ្ងន់ លើការលើកកម្ពស់វិស័យពាណិជ្ជកម្មការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន៕

To Top