Feature

រដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារ ​ជាមួយសហព័ន្ធ សហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស

ទីក្រុងហ្សឺណែវ ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ លោក Atle Hoie អគ្គលេខាធិការ នៃសហព័ន្ធសហជីពសកល IndustriALL និងលោក Shoya Yoshida អគ្គលេខាធិការ នៃសហព័ន្ធសហជីពអន្តរជាតិ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ITUC-AP) ក្នុងអំឡុងពេលកិច្ចប្រជុំនៃសន្និសីទអន្តរជាតិខាងការងារលើកទី១១៤ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់កិច្ចសន្ទនាសង្គម សេរីភាពក្នុងការបង្កើតសមាគម និងការកសាងសមត្ថភាពសហជីព ក៏ដូចជាពិភាក្សាអំពីការពង្រឹងការអនុលោមភាព។

ក្នុងកិច្ចពិភាក្សាការងារជាមួយលោក Atle Hoie លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើរចនាសម្ព័ន្ធត្រីភាគីដ៏រឹងមាំរបស់កម្ពុជា រួមមាន៖ គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងគណៈកម្មាធិការជាតិសុវត្ថិភាព និងសុខភាពការងារ ដែលជាគ្រឹះស្ថាន បម្រើដល់កិច្ចសន្ទនាសង្គម។ លោកបានលើកឡើងពីកំណើន នៃអង្គការវិជ្ជាជីវៈដែលបានចុះបញ្ជីនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃការរីកចម្រើននៃសេរីភាពអង្គការវិជ្ជាជីវៈ និងការចរចាជាសមូហភាពនៅកម្ពុជា។

លោក Atle Hoie បានស្វាគមន៍ចំពោះវឌ្ឍនភាពរបស់កម្ពុជាក្នុងការពង្រឹងយន្តការត្រីភាគី និងទំនាក់ទំនងវិជ្ជាជីវៈ ហើយលោកក៏បានបញ្ជាក់ពីឆន្ទៈរបស់ IndustriALL ក្នុងការបន្តសហការជាមួយភាគីកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្ពុជា និងលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប។

ភាគីទាំងពីរក៏បានពិភាក្សាលើការ អនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងការត្រួតពិនិត្យអនុលោមភាព ក្នុងខ្សែច្រវាក់ផលិតកម្ម (Supply Chain Due Diligence) រួមទាំងការចូលរួមរបស់កម្ពុជាក្នុងការ អនុវត្តសេចក្តីថ្លែងការណ៍ស្ដីពីសហគ្រាសពហុជាតិសាសន៍ និងគោលនយោបាយសង្គមរបស់អង្គការ ILO, គោលការណ៍ណែនាំរបស់អង្គការ សហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស និងគោលការណ៍ណែនាំ របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សម្រាប់សហគ្រាសពហុជាតិ។

ដោយឡែក នៅក្នុងជំនួបជាមួយលោក Shoya Yoshida អគ្គលេខាធិការនៃ ITUC-AP វិញ លោករដ្ឋមន្ត្រីបានលើកឡើងពីតួនាទីដ៏សំខាន់របស់ ITUC ដែលជាតំណាងសំឡេងសកលរបស់កម្មករនិយោជិតនៅក្នុងវេទិកាជាសកលជាមួយសមាសភាពត្រីភាគីនានា ក្នុងគោលដៅសម្រេចឱ្យបានយុត្តិធម៌សង្គមសម្រាប់គ្រប់គ្នា។ លោកបានបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ តាមរយៈយន្តការត្រីភាគី និងកិច្ចសន្ទនាសង្គម ដែលជាមូលដ្ឋានគ្រឹះនៅក្នុងកម្មវិធីការងារសមរម្យប្រចាំប្រទេស (Decent Work Country Programme) ឆ្នាំ២០២៤-២០២៨។

លោកក៏បានលើកសំណើឱ្យមាន សហប្រតិបត្តិការរវាងភាគីទាំងពីរ រួមមាន៖ ការគាំទ្រសមត្ថភាពរបស់សហព័ន្ធ សហជីពនៃក្រុមប្រឹក្សា ITUC-កម្ពុជា ដើម្បីធានាតួនាទីដ៏មានសារៈសំខាន់របស់សហជីព ដែលជាផ្នែកមួយដ៏ចាំបាច់នៅក្នុង យន្តការត្រីភាគី ការបណ្តុះបណ្តាលសម្រាប់ថ្នាក់ ដឹកនាំសហជីពស្តីពីបទដ្ឋានអន្តរជាតិខាងការងារ និងការរួមសហការគ្នាជំរុញលក្ខខណ្ឌ អំណោយផលសម្រាប់ការសន្ទនាសង្គម នៅក្នុងតំបន់អាស៊ាន។

លោក Shoya Yoshida បានវាយតម្លៃខ្ពស់ចំពោះការបើកចំហរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសន្ទនាសង្គមជាមួយសហជីព និងបានបង្ហាញចំណាប់អារម្មណ៍​ក្នុងការគាំទ្រការកសាងសមត្ថភាពសហជីពកម្ពុជា ដើម្បីឱ្យការចូលរួម​របស់សហជីពក្នុងយន្តការត្រីភាគីមានគុណភាព ការស្ថាបនា និងផ្តោតលើផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នា ចំពោះកិច្ចសហប្រតិបត្តិការត្រីភាគីប្រកបដោយតម្លាភាព ដែលជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការលើកកម្ពស់សិទ្ធិការងារ និងសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ៕

To Top