ប្រធានាធិបតីម៉ិកស៊ិក សន្យាថា នឹងបើកការប្រកួតបាល់ទាត់ពិភពលោក ដោយសន្តិវិធី ចំពេលមានការគំរាមធ្វើបាតុកម្ម
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកស្រី នឹងធានាពិធីបើកដោយសន្តិវិធី សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA ឆ្នាំ ២០២៦ ទោះបីជាមានលទ្ធភាពនៃការតវ៉ាដោយអង្គការ សម្របសម្រួលជាតិនៃកម្មករអប់រំ (CNTE) ដែលជាសហជីពគ្រូបង្រៀនដ៏សំខាន់មួយក៏ដោយ ។
ថ្លែងក្នុងសន្និសីទ សារព័ត៌មានពេលព្រឹកប្រចាំថ្ងៃរបស់លោកស្រី នៅវិមានជាតិក្នុងទីក្រុងម៉ិកស៊ិក លោកស្រី Sheinbaum បានចោទប្រកាន់ គូប្រជែងនយោបាយថា បានព្យាយាមញុះញង់ ឱ្យមានការបង្ក្រាបរបស់រដ្ឋាភិបាល ដើម្បីបង្កើតចំណងជើងព័ត៌មាន អវិជ្ជមានអន្តរជាតិមុនការប្រកួត ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានច្រានចោលការប្រើប្រាស់វិធានការបង្ក្រាបរបស់ប៉ូលីស ដើម្បីឆ្លើយតបទៅនឹងបាតុកម្មណាមួយ។
លោកស្រី Sheinbaum បានលើកឡើងថា “មានក្រុមដែលចង់ញុះញង់យើង ហើយពួកគេមិនចាំបាច់ជាគ្រូបង្រៀននោះទេ។ អ្វីដែលពួកគេចង់បាន គឺការបង្ក្រាប”។ លោកស្រីបានបន្ថែមថា “យើងក៏នឹងធានាថា ពិធីបើកការប្រកួតបាល់ទាត់ពិភពលោកដំណើរការទៅដោយរលូន សន្តិភាព និងស្ងប់ស្ងាត់”។
ម៉ិកស៊ិក គឺជាប្រទេសមួយក្នុងចំណោមប្រទេសម្ចាស់ផ្ទះបីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA ឆ្នាំ ២០២៦ រួមជាមួយសហរដ្ឋអាមេរិក និងកាណាដា។ ប្រទេសនេះគ្រោងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចំនួន ១៣ នៅទូទាំងទីក្រុងចំនួនបីគឺ ទីក្រុងម៉ិកស៊ិកស៊ីធី ទីក្រុងហ្គាដាឡាចារ៉ា និងទីក្រុងម៉ុនតេរី។ ការអត្ថាធិប្បាយរបស់លោកស្រី Sheinbaum បានកើតឡើងបន្ទាប់ពី CNTE បានព្រមានថា ខ្លួនអាចធ្វើការតវ៉ា ប្រសិនបើរដ្ឋាភិបាល សហព័ន្ធមិនអាចបំពេញតាមការទាមទាររបស់ខ្លួន រួមទាំងប្រាក់ឈ្នួលខ្ពស់ជាងមុន និងសម្បទានផ្សេងទៀត ដែលទាក់ទងនឹងកម្លាំងពលកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា
