កម្ពុជា ចូលរួមអបអរសាទរ ភាពជាដៃគូ ILO-កូរ៉េ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តអភិវឌ្ឍវិស័យការងារ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នាឱកាសសន្និសីទអន្ដរជាតិ ខាងការងារ លើកទី១១៤
ទីក្រុងហ្សឺណែវ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្លូវការ ដែលរៀបចំដោយនាយកដ្ឋានភាពជាដៃគូ នៃអង្គការ ILO ដើម្បីអបអរសាទរកម្មវិធីភាពជាដៃគូរវាងអង្គការ ILO-សាធារណរដ្ឋកូរ៉េ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងអំឡុងពេលដែលលោកដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

នាឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលបន្តរីកចម្រើន ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព ។ ភាពជាដៃគូនេះ នាំមកនូវការអភិវឌ្ឍ និងផលជះវិជ្ជមានដល់វិស័យការងារនៅកម្ពុជា តាមរយៈការគាំទ្រ បច្ចេកទេសដល់បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ដែលបានរួមចំណែកដល់ការពង្រឹងក្របខណ្ឌគាំពារសង្គមរបស់កម្ពុជា និងការពង្រីកវិសាលភាពនៃរបបសន្តិសុខ សង្គមសម្រាប់បងប្អូនកម្មករនិយោជិត។ កិច្ចប្រឹងប្រែងទាំងនេះកំពុងជួយឱ្យកម្ពុជា ខិតកាន់តែជិតទៅរកចក្ខុវិស័យនៃប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន ភាពធន់ និងគោលការណ៍ «មិនទុកអ្នកណាម្នាក់ចោល» (Leaves No One Behind)។

ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីវឌ្ឍនភាពនៃភាពជាដៃគូលើផ្នែកសុវត្ថិភាព និងសុខភាពការងារ តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សមត្ថភាព និងការពង្រឹងកិច្ចសន្ទនាសង្គម ក៏ដូចជាការដោះស្រាយវិវាទការងារ និងការអធិការកិច្ចការងារ តាមរយៈគំនិតផ្តួចផ្តើមកាតាលីករសកល(GA) ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដែលបានក្លាយជាសសរស្តម្ភដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាប៉ុន្មាន ឆ្នាំចុងក្រោយនេះ។

លោក ហេង សួរ បានសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកភាពជាដៃគូដ៏មានតម្លៃនេះ ដោយលោករដ្ឋមន្រ្តីបានបង្ហាញការជឿជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការរៀនសូត្រពីគ្នា គឺជាកត្តាដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងកាលានុវត្តភាពដែលកំពុងវិវត្តនៅក្នុងពិភពការងារ។

តំណាងអង្គការ ILO និងសាធារណរដ្ឋកូរ៉េបានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងកម្មវិធីភាពជាដៃគូ ILO-កូរ៉េ និងបានស្វាគមន៍ចំពោះសមិទ្ធផលដែលសម្រេចបាននៅកម្ពុជា ជាពិសេសលើផ្នែកសន្តិសុខសង្គម, សុវត្ថិភាព និងសុខភាពការងារ, កិច្ចសន្ទនាសង្គម និងការពង្រឹងស្ថាប័នការងារ៕

