ទិវាអន្តរជាតិ សម្រាប់ការសន្ទនា រវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្ត និងកិច្ចសហប្រតិបតិ្តការ ក្នុងយុគសម័យថ្មី
ទិវាអន្តរជាតិសម្រាប់ការសន្ទនា រវាងអរិយធម៌ ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការយល់ឃើញរួមរបស់សហគមន៍អន្តរជាតិថា ការសន្ទនា ការយោគយល់ និង ការគោរពគ្នាទៅវិញទៅមករវាងអរិយធម៌ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើពិភពលោក។ ទិវានេះគឺជាការប្រសូតចេញពីខ្លឹមសារនិងស្មារតី នៃគំនិតផ្ដួចផ្ដើមអរិយធម៌សកល ដែលត្រូវបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ទិវាអន្តរជាតិនេះ បានបង្ហាញឱ្យឃើញថា វាមិនមែនគ្រាន់តែជាទិវារំលឹកមួយប៉ុណ្ណោះទេ ថែមទាំងជាគំនិតផ្ដួចផ្ដើម ក្នុងយុគសម័យថ្មី ដែលឆ្លើយតបទៅ នឹងបំណងប្រាថ្នារួមរបស់មនុស្សជាតិក្នុងពិភពលោក និងស្របទៅនឹងនិន្នាការទូទៅ របស់សហគមន៍ អន្តរជាតិទៀតផង ។ ទស្សនវិជ្ជាបានចាក់បញ្ចូលកាន់តែជ្រៅទៅក្នុងទស្សនវិស័យរបស់សហគមន៍អន្តរជាតិតាមរយៈខ្លឹមសារគោលនៃវេទិកាចិនសាស្ត្រសកលលើកទី៣នៅ ក្រុងDunhuang ខេត្ត Gansu កាលពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៦ ដោយលោក Ji Bingxian ប្រធានសមាគមចិន សម្រាប់ការយល់ដឹងអន្តរជាតិ (CAFIU) បានរំលេចនៅក្នុងពិធីបើកថា ការលើកកម្ពស់ការសន្ទនា រវាងអរិយធម៌ គឺជាមធ្យោបាយដ៏សំខាន់ និងចាំបាច់អាទិភាពបំផុត ក្នុងការកសាងការជឿទុកចិត្ត និងការយោគយល់គ្នា សម្រាប់ដំណោះស្រាយដ៏ល្អបំផុតដល់ពិភពលោកដែលកំពុង ស្ថិតនៅក្នុងបរិបទនៃការប្រឈមមុខនឹងជម្លោះ ភាពបែកបាក់ផ្នែកវប្បធម៌ ការរើសអើង និងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។
ជាសច្ចភាព «គំនិតផ្ដួចផ្ដើមអរិយធម៌សកល» បានផ្តល់សារៈសំខាន់ដល់ការគោរពភាពចម្រុះនៃអរិយធម៌ ការគាំទ្រតម្លៃរួមរបស់មនុស្សជាតិ ការអភិរក្ស និងការច្នៃប្រឌិតអរិយធម៌ ព្រមទាំងការពង្រឹងការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ ប្រាជ្ញាចិននេះបានបញ្ជាក់យ៉ាងច្បាស់ថា អរិយធម៌ផ្សេងៗមិនមែនជាឧបសគ្គចំពោះការអភិវឌ្ឍទេ ប៉ុន្តែវាជាកម្លាំងជំរុញសម្រាប់វឌ្ឍនភាពរួម។ ដោយហេតុនេះ ការសន្ទនាជំនួសឱ្យការប្រឈមមុខ និងការរៀនសូត្រពីគ្នា ជំនួសឱ្យការបដិសេធគ្នា បានក្លាយជាគោលការណ៍ស្នូលក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ព្រោះ«គំនិតផ្តួចផ្តើម អរិយធម៌សកល» គឺជាការ «រួមគ្នាផ្តួចផ្តើម»នូវគំនិតស្តីពី៖ ១-ការគោរពភាពចម្រុះនៃអរិយធម៌ពិភពលោក ២-ការផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ ៣-ការយកចិត្តទុកដាក់លើការបន្តវេននិង នវានុវត្តន៍លើអរិយធម៌ និង៤-ការពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរបទពិសោធន៍អរិយធម៌ជាសកល។
ជាតថភាព ក្នុងរយៈពេលពីរឆ្នាំ នៃការអនុវត្ត ទិវាអន្តរជាតិសម្រាប់ការសន្ទនា រវាងអរិយធម៌បានរួមចំណែកលើកកម្ពស់ការយល់ដឹងថា សមិទ្ធផលអរិយធម៌ទាំងអស់ គឺជាទ្រព្យសម្បត្តិរួមរបស់មនុស្សជាតិ ។ ការផ្លាស់ប្តូរផ្នែកវប្បធម៌ ការអប់រំ វិទ្យាសាស្ត្រ ទេសចរណ៍ និងទំនាក់ទំនង ប្រជាជននិងប្រជាជន ត្រូវបានលើកទឹកចិត្តឱ្យកាន់តែសកម្ម ដែលជួយបង្កើនការយោគយល់ និងកាត់បន្ថយការយល់ច្រឡំរវាងប្រជាជាតិ និងវប្បធម៌ផ្សេងៗ។ លើសពីនេះ ទិវាអន្តរជាតិនេះក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃកិច្ចសន្ទនាខាងអរិយធម៌ ក្នុងការគាំពារសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍរួម បង្កើនសុខុមាលភាពរបស់ប្រជាជន និងសម្រេចបាននូវវឌ្ឍនភាពរួមរបស់មនុស្សជាតិ ។ នៅពេលដែលពិភពលោក កំពុងស្វែងរកដំណោះស្រាយចំពោះបញ្ហាសកលដូចជា ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ វិបត្តិសន្តិសុខ និងការអភិវឌ្ឍមិនមានតុល្យភាពនិងមិនមានចីរភាព នោះការសន្ទនារវាងអរិយធម៌ អាចបង្កើតមូលដ្ឋាននៃការយោគយល់ និងកិច្ចសហប្រតិបត្តិការ ដែលចាំបាច់សម្រាប់ការដោះស្រាយបញ្ហាទាំងនេះ ដោយនាំឱ្យប្រទេសចិនក្លាយជាមជ្ឈមណ្ឌលនៃកិច្ចសន្ទនាសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ជារួម ទិវាអន្តរជាតិ សម្រាប់ការសន្ទនារវាងអរិយធម៌ ដែលឈានចូលដល់ឆ្នាំទី២នៃការអនុវត្ត បានបង្ហាញពីគុណតម្លៃ និងសារៈសំខាន់កាន់ តែច្បាស់ក្នុងការកសាងសហគមន៍មនុស្សជាតិដែលមានវាសនារួមគ្នា។ តាមរយៈការលើកកម្ពស់ការគោរពពិពិធកម្មនៃអរិយធម៌ ការសន្ទនាដោយស្មើភាព និងការគោរពគ្នាទៅវិញទៅមក «គំនិតផ្ដួចផ្ដើមអរិយធម៌សកល» នឹងបន្តតួនាទីរបស់ខ្លួនដែលជាវេទិកាសំខាន់មួយ សម្រាប់ពង្រឹងសាមគ្គីភាពរបស់មនុស្សជាតិ និងជំរុញឱ្យពិភពលោកឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពរួម។ បន្ថែមពីលើនេះ គោលការណ៍ទាំងឡាយនៅក្នុង ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ច្បាស់ណាស់ដែលថាមិនត្រឹមតែស៊ីសង្វាក់ជាមួយ «គំនិតផ្ដួចផ្ដើមអរិយធម៌សកល » ដែលបានផ្តួចផ្តើមដោយប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីបំណងប្រាថ្នា រួមរបស់មនុស្សជាតិក្នុងការរួម រស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងការគោរពគ្នាទៅវិញទៅមកក្នុង យុគសម័យថ្មី៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
