Feature

អាជ្ញាធរខេត្តតាកែវ ប្ដេជ្ញាទប់ស្កាត់ទំនិញខូចគុណភាព និងផលិតផលក្លែងក្លាយ ពីប្រទេសជិតខាង កុំឱ្យចូលមកទីផ្សារកម្ពុជា

តាកែវ ៖ ក្នុងឱកាសជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលបន្ទុកគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការប្ដេជ្ញាចិត្ត និងចាត់វិធានការណ៍គ្រប់បែបយ៉ាង ក្នុងការទប់ស្កាត់ទំនិញ និងផលិតផលក្លែងក្លាយ នាំចូលពីប្រទេសជិតខាងចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ។

លោក អភិបាលខេត្តតាកែវ បានថ្លែងឱ្យដឹងថា កន្លងមកអាជ្ញាធខេត្ត បានធ្វើការណែនាំទៅអាជ្ញាធរក្រុងស្រុកទាំង១០ ជាពិសេសអាជ្ញាធរស្រុកជាប់ និងព្រំដែនប្រទេសវៀតណាម ត្រូវធ្វើយ៉ាងណាទប់ស្កាត់ កុំឱ្យមានការនាំផ្លែទុរេន ដែលមានបញ្ហាពីប្រទេសវៀតណាម ចូលមកកាន់ទីផ្សារកម្ពុជា ជាពិសេសទំនិញខូចគុណភាពឬទំនិញក្លែងក្លាយ ហើយកាលពីពេលថ្មីៗ នេះអាជ្ញាធរស្រុកជាប់ព្រំដែនក៏បានចាប់សាច់បង្កកចំនួន ២ដង ដែលបានដឹកសាច់បង្កកពីប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាម ចូកមកកាន់កម្ពុជាយកទៅដុតបំផ្លាញចោលផងដែរ ។

លោក អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា អាជ្ញាធរខេត្តតាកែវ បានចាត់ទុកសុខភាពគឺជាទ្រព្យសម្បត្តិមនុស្ស។

លោកថា «បើគ្មានសុខភាពទេ វាពិបាកដល់មនុស្សក្នុងការប្រកបរបបផ្សេងៗ ឬធ្វើកិច្ចការឲ្យទទួល បានជោគជ័យណាស់ ហេតុដូច្នោះហើយបាន ជាអាជ្ញាធរខេត្តបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ក្នុងការទប់ស្កាត់ផលិតផលក្លែងក្លាយឬទំនិញខូចគុណភាព ដែលវាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងក្លាចំពោះសុខភាព របស់បងប្អូនប្រជាពលរដ្ឋ»៕

To Top