ព័ត៌មានអន្តរជាតិ

KCNA ផ្សាយថា កូរ៉េខាងជើង ថ្កោលទោសអាមេរិក ដែលព្រមលក់សព្វាវុធទៅឲ្យកូរ៉េខាងត្បូង

បរទេស ៖ ក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការអនុម័ត ការលក់មីស៊ីលអាកាសទៅអាកាសទំនើប និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត ទៅឱ្យកូរ៉េខាងត្បូង ដោយកូរ៉េខាងជើងព្រមានថា ការសម្រេចចិត្តនេះនឹងធ្វើឱ្យភាពតានតឹងនៅលើឧបទ្វីបកូរ៉េកាន់តែអាក្រក់ទៅៗ, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ថា អគ្គនាយកគោលនយោបាយ ការបរទេសរបស់ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយ KCNA ថា កិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលកំពុងត្រូវបាន “ពង្រឹងជាប្រព័ន្ធ” ទោះបីជាអ្វីដែលខ្លួនហៅថាជាការព្រួយបារម្ភរបស់អន្តរជាតិអំពីភាពតានតឹងកើនឡើងនៅក្នុង និងជុំវិញឧបទ្វីបក៏ដោយ។

មន្ត្រីរូបនេះបានលើកឡើងពីការអនុម័ត របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចំពោះការលក់មីស៊ីល អាកាសទៅអាកាសទំនើប និងឧបករណ៍ពាក់ព័ន្ធទៅឱ្យកូរ៉េខាងត្បូងក្នុងតម្លៃជិត ៣០០ លានដុល្លារសម្រាប់យោធាបរទេស។

មន្ត្រីរូបនេះបាននិយាយថា “ការនាំចេញអាវុធ របស់សហរដ្ឋអាមេរិក គឺជាការនាំចេញសង្គ្រាម” ដោយបន្ថែមថា កូរ៉េខាងជើងនឹងបន្តពង្រឹងការរារាំង ការពារខ្លួនរបស់ខ្លួន ដើម្បីរក្សាតុល្យភាពអំណាចក្នុងតំបន់។

កូរ៉េខាងជើង​តែងតែរិះគន់​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ថាជា​ការត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម៕
ប្រែសម្រួលៈ ណៃ តុលា

To Top