សមត្ថកិច្ចចម្រុះ រកឃើញទីតាំង៥កន្លែង នៅរាជធានីភ្នំពេញ មានស្តុកទំនិញ និងផលិតផលបង្កកនាំចូលពីថៃ
ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងប្រតិបតិការចុះពិនិត្យ ៣៣ទីតាំងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំង៥កន្លែង មានស្តុកទំនិញ និងផលិតផលបង្កកនាំចូលពីប្រទេសថៃ ។

ទីតាំងទាំង៥កន្លែងនោះរួមមាន៖ ១. ទីតាំងឃ្លាំងស្តុកសាច់ និងផលិតផលបង្កក មានស្លាកយីហោ CSPB (CAMBODIA) មានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយរកឃើញសាច់ និងផលិតផលសត្វចំនួន ១២ប្រភេទ មានប្រភពនាំចូលពីប្រទេសថៃ រួមមាន៖ – ស្លាបមាន់ប្រឡាក់គ្រឿង – ស្លាបមាន់ប្រឡាក់ម្រេច -ភ្លៅមាន់បំពង់- ប្រហិតសាច់មាន់ – ហតដកវែងខ្លី ហតដកសាច់មាន់ – សាច់មាន់ចំណិត – សាច់ហេម – សាច់ទ្រូងមាន់ប្រឡាក់គ្រឿង – សាច់មាន់ជ្រុង និងទូរទឹកកកសម្រាប់ក្លាសសេចំនួន ២៥ទូរ។

២. ទីតាំងស្តុកផលិតផលប្រហិតបង្កកចម្រុះ ស្ថិតនៅផ្ទះលេខ២៨៣ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ដោយបានរកឃើញប្រហិតបង្កកសរុបចំនួន ២១មុខ ស្មើនឹងជាង១.២០០គីឡូក្រាម ជាផលិតផលនាំចូលពីប្រទេសថៃ ដោយខុសច្បាប់។

៣. ទីតាំងឃ្លាំងទំនិញធំៗ ចំនួន ២កន្លែង ដែលមានម្ចាស់តែមួយ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ សង្ស័យថាមាននាំចូលទំនិញបង្កក ពីប្រទេសថៃ។ តាមការចុះត្រួតពិនិត្យជាក់ស្ដែង កម្លាំងចម្រុះមិនបានពិនិត្យរកឃើញ ទំនិញបង្កកនោះទេ ប៉ុន្តែបានរកឃើញ ផលិតផល ដែលនាំចូលមកពីប្រទេសថៃជាច្រើនមុខ ដែលសង្ស័យពាក់ព័ន្ធករណីនាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផល មានប្រភពពីប្រទេសថៃ គ្មានច្បាប់អនុញ្ញាត។

៤. ទីតាំងឃ្លាំងលេខ៦៣ កម្មសិទ្ធិរបស់ក្រុមហ៊ុនLUX ស្ថិតក្នុងភូមិតាពូង សង្កាត់ស្នោរ ខណ្ឌកំបូល តាមការពិនិត្យជាក់ស្ដែងឃើញថា មានទូបង្កកសាច់ចំនួន២ ដែលមានផ្ទុកសាច់បង្កកចំនួន២ប្រភេទ មានទម្ងន់សរុបជិត ៣០តោន។ តាមការសួរនាំ និងការបញ្ជាក់ ពីតំណាងម្ចាស់ឃ្លាំង បានអោយដឹងថា សាច់បង្កកទាំង២ប្រភេទនេះ ផលិតនៅប្រទេសប្រេស៊ីល និងកាណាដា ដោយមានឯកសារយោងចំនួន២ គឺ (១)វិក័យបត្រទិញលក់ និងដឹកជញ្ជូនចេញទៅហុងកុង និងវិញ្ញាបនប័តបញ្ជាក់ពីគុណភាពអនាម័យសាច់ ប៉ុន្តែមិនមានឯកសារ បញ្ជាក់ពីប្រភពនាំចូល ច្បាស់លាស់នៅឡើយ។ ដោយមានការសម្របសម្រួលឯកភាព ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យក្រុមការងារចម្រុះ បិទឃ្លុំទូបង្កកទាំងពីរ ជាបណ្ដោះអាសន្ន រង់ចាំម្ចាស់រកឯកសារពាក់ព័ន្ធទៅបំភ្លឺ នៅអគ្គនាយកដ្ឋានក.ប.ប បន្ថែមដោយទុករយៈពេល០១សប្ដាហ៍។

លោកស្រីអ្នកនាំពាក្យ ក៏បានបញ្ជាក់បន្ថែមទៀតថា ជាលទ្ធផលសម្រាប់ប្រតិបតិ្តការថ្ងៃទី១២ ខែមិថុនានេះ សមត្ថកិច្ចសម្រេចបិទឃ្លុំទីតាំងឃ្លាំង និងទូរបង្កកទាំង៥ ខាងលើនេះ ជាបណ្តោះអាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងឃ្លាំងសរុប ចំនួន៥នាក់ ទៅធ្វើការសាកសួរបន្ថែមនៅការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់៕
















