រដ្ឋមន្ដ្រីមហាផ្ទៃ ដាក់កម្មវិធីសំងាត់ ដើម្បីចូលឈ្វេងយល់ ពីជីវភាពការងារជាក់ស្ដែង របស់មន្រ្តីប៉ុស្តិ៍នគរបាល
ភ្នំពេញ ៖ ក្នុងដំណើរបំពេញបេសកកម្ម នៅខេត្តបាត់ដំបង ថ្មីៗ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់កម្មវិធីការងារសំងាត់ ចំនួន២ទីតាំង ក្នុងទឹកដីស្រុកថ្មគោល ។ ដោយពុំបានជូនដំណឹងជាមុន លោកឧបនាយករដ្ឋមន្ត្រី បានចូលទៅពិនិត្យជីវភាព ការងារជាក់ស្ដែង របស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលរូងជ្រៃ និងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ ។

នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរូងជ្រៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងលើកទឹកចិត្តនាយ នាយរង និងមន្ត្រីប៉ុស្តិ៍ ដែលមានវត្តមានប្រចាំការ បំពេញការងារជាធម្មតា បន្ទាប់ពីសម្រាកអាហារថ្ងៃត្រង់។
ជំនួបពិភាក្សារវាង លោកឧបនាយករដ្ឋមន្ត្រី និងមន្ត្រីនគរបាលប៉ុស្តិ៍រូងជ្រៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលបំផុត។ លោកឧបនាយករដ្ឋមន្ត្រី បានទទួលព័ត៌មានមួយចំនួន អំពីការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ ការងារសេវាអត្តសញ្ញាណកម្ម និងស្ថិតិ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ធនធានមនុស្ស សម្ភារៈ និងមធ្យោបាយបំពេញការងារជាដើម។

ថ្នាក់ដឹកនាំ និងមន្ត្រីប៉ុស្តិ៍ ក៏បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី នូវសំណើ សំណូមពរ ពាក់ព័ន្ធការបំពេញការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ។ លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកព័ត៌មានទាំងអស់នេះ ជាមូលដ្ឋានរួមចំណែក សម្រាប់ការពិចារណា ដាក់ចេញវិធីសាស្ត្រ និងដំណោះស្រាយចំពោះមុខ និងការរៀបចំផែនការកំណែទម្រង់ជាបន្តបន្ទាប់សម្រាប់រយៈពេលវែង។
ក្នុងពេលកំពុងជួបពិភាក្សា ក៏ឃើញមានពលរដ្ឋ មកស្នើសុំសេវាអត្តសញ្ញាណបណ្ណ និងសៀវភៅស្នាក់នៅជាបន្តបន្ទាប់ដែរ។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានបន្តចូលពិនិត្យ និងសួរសុខទុក្ខ មន្រ្តីសមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីបម្រើការងារនៅយន្តការច្រកចេញចូលតែមួយ ដែលកំពុងប្រចាំការបំពេញការងារ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ មុនបន្តដំណើរមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ៕










