សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ នៅកោះពេជ្រ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ ជំនាញ ការងារ និងប្រាក់ចំណូល» ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ដឹងអំពី សារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបានរាជរដ្ឋាភិបាល កំណត់យកជា ទិវាជាតិនៅឆ្នាំ២០១៧ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង លើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណា ព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព ដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។
ក្នុងឆ្នាំ២០២៦នេះ ជាលើកទី៩ ដែលទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ត្រូវបានប្រារព្ធធ្វើឡើងនៅទីនេះនិងគ្រប់ខេត្តទូទាំងប្រទេស ដែលការប្រារព្ធពិធីនេះ ក៏មានការដាក់តាំងបង្ហាញ នូវពិព័រណ៍មុខជំនាញ សមិទ្ធផល ស្នាដៃ ខ្សែសង្វាក់ផលិតកម្ម និងការធ្វើតេស្ត វាយតម្លៃសមត្ថភាព ដើម្បីជំរុញនិង លើក ទឹកចិត្តឱ្យមហាជនចូលរួមអនុវត្ត ក្នុងការវាយតម្លៃ ទទួលស្គាល់សមត្ថភាព តាមរយៈប្រព័ន្ធវាយតម្លៃ ទទួលស្គាល់ការសិក្សា ដែលមានពីមុន។ មិនតែប៉ុណ្ណោះ ទិវាជាតិនេះ ក៏មានការរៀបចំឱ្យ មានការធ្វើ បាឋកថា និងកម្មវិធីផ្សេងៗ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មានអំពីការសិក្សា និង តម្រូវការទីផ្សារ ការងារពីសំណាក់វាគ្មិនសំខាន់ៗ បង្ហាញពីសារៈសំខាន់ នៃទំនាក់ទំនងរវាងការអប់រំ ទូទៅ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលបំពេញគ្នាទៅវិញទៅមកឱ្យស្រប តាមក្របខណ្ឌគុណវុឌ្ឍជាតិកម្ពុជា៕
