សម្ដេចធិបតី ៖ ការកែច្នៃប្រជាជនកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រ ឱ្យភ្លឺចិញ្ចាច
ភ្នំពេញ ៖ ថ្លែងចំពោះមុខយុវជន ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ការកែច្នៃប្រជាជនកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រឱ្យភ្លឺចិញ្ចាច និងមានតម្លៃឥតគណនា ចំពោះអាទិភាពនៃសង្គមស៊ីវីល័យនៅកម្ពុជា។
ការបញ្ជាក់របស់ សម្ដេច នាយករដ្ឋមន្ដ្រី នាឱកាសអញ្ជើញជាអធិបតី អបអរសាទរទិវាជាតិ អប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦។
សម្ដេចធិបតី បានបន្ដថា រាជរដ្ឋាភិបាល តែងតែចាត់ទុកមូលធនមនុស្ស គឺជាដង្ហើមនៃវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចជាតិ។
សម្ដេចធិបតី មានប្រសាសន៍ថា «ការកែច្នៃប្រជាជនកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រឱ្យភ្លឺចិញ្ចាច និងមានតម្លៃឥតគណនា ចំពោះអាទិភាពនៃសង្គមស៊ីវីល័យនៅកម្ពុជា។ ធនធានមនុស្សយើងផ្ដោចទៅលើការងារបី ទីមួយ គឺសុខភាព ទីពីរ ចំណេះដឹង និងបំណិន និងទីបី គឺការងារ ឬអាជីព»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ការកសាងធនធានមនុស្សមួយ ដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ ត្រូវយកចិត្តទុកដាក់លើសុខភាពរបស់ពួកគាត់។ សម្ដេច ថា ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋម្នាក់ៗ ពោលពេញដោយសុខភាពល្អ ជាធនធានរបស់គ្រួសារ មិនមែនជាបន្ទុករបស់គ្រួសារ ។ សម្ដេច គូសបញ្ជាក់ថា «សុខភាពមិនល្អ គឺជាបន្ទុក»។
សូមរំលឹកថា គិតនៅត្រឹមខែឧសភា ឆ្នាំ២០២៦ មានគ្រឹះស្ថាន TVET ក្រោមឱវាទក្រសួងសរុបចំនួន២៦២គ្រឹះស្ថាន ក្នុងនោះ គ្រឹះស្ថាន TVET សាធារណៈចំនួន ៣៧គ្រឹះស្ថាន, គ្រឹះស្ថាន TVET ឯកជនចំនួន២០១គ្រឹះស្ថាន និងអង្គការ/សមាគមចំនួន ២៤គ្រឹះស្ថាន ដោយបានផ្តល់ការបណ្តុះបណ្តាលទាំងរយៈ ពេលខ្លី មធ្យម និងវែង ជាមធ្យមប្រមាណ៦ម៉ឺននាក់ និងការហ្វឹកហ្វឺនកូនជាង ជាមធ្យមប្រមាណជាង៣ម៉ឺននាក់ ក្នុងមួយឆ្នាំ។ ជាក់ស្ដែង បើគិតតែក្នុងរយៈពេល៥ឆ្នាំចុងក្រោយ គឺចាប់ពីឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៦នេះ បានផ្តល់ការបណ្ដុះបណ្ដាលគ្រប់កម្រិតសរុបប្រមាណ៦៩.៨ម៉ឺននាក់រួចមកហើយ៕
