DAP News
Feature

សម្ដេចធិបតី ៖ យន្តការ «គន្លងវិជ្ជាជីវៈ» នឹងក្លាយជាជំនាញពិតប្រាកដ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា យន្តការ «គន្លងវិជ្ជាជីវៈ» នឹងអនុញ្ញាតឱ្យសិស្ស និស្សិតមានជម្រើសកាន់តែទូលំទូលាយក្នុងការទទួលបាន ជំនាញពិតប្រាកដស្របតាមសក្តានុពលតំបន់ ។
 
ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា យន្តការ «គន្លងវិជ្ជាជីវៈ»  នឹងឆ្លើយតបចំគោលដៅ ទៅនឹងតម្រូវការកម្លាំងពលកម្ម ជំនាញក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល ជាពិសេសនៅ តាមតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មនានា ដែលជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចជាតិនៅតាម បណ្តាខេត្តគោលដៅ។
 
សម្ដេចធិបតីក៏បានថ្លែងកោតសរសើរ ក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការ បណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ខណៈចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ សិស្សដែលបានទទួលការបណ្តុះបណ្តាលមានជិត២៨ម៉ឺននាក់ ។ ក្នុងនោះបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងជិត២៣ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ជាង៤ម៉ឺននាក់។
 
 សម្តេចធិបតីបន្តថា «គន្លងវិជ្ជាជីវៈ» ត្រូវបានក្រសួងអប់រំ និងក្រសួងការងារ អនុវត្តពីឆ្នាំ២០២៥-២០២៦ នៅតាមបណ្តាវិទ្យាចំនួន៤៩  ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ ក្នុងគោលបំណង ផ្សារភ្ជាប់យ៉ាងស្អិតរមួតរវាងការអប់រំចំណេះដឹង ទូទៅជាមួយនឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
 
 សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “គន្លងវិជ្ជាជីវៈបានផ្តល់ជម្រើសបន្ថែម ដល់សិស្សវិទ្យាល័យ ដែលស្ថិតនៅក្បែរ តំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហ៍កម្ម និងមានបំណងទៅកាន់ទីផ្សារការងារលឿន អាចជ្រើសរើសយកគន្លងវិជ្ជាជីវៈ នៅវិទ្យាសាមីឬតាមឧបនិស្ស័យ និងបំណិនរបស់ខ្លួន”។
 
សម្តេចធិបតីមានប្រសាន៍បន្ថែមថា សម្រាប់ជាទិសដៅបន្តឆ្នាំ២០២៧ ក្រសួងទាំងពីរក៏កំពុងសម្លឹងមើល និងវាយតម្លៃ ទៅលើសាលាចំនួន៥បន្ថែមទៀត ដែលមានទីតាំងនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តចំនួន៤ ៖ ខេត្តកណ្តាល ស្វាយរៀង ពោធិ៍សាត់ និងកំពង់ស្ពឺ​ ៕

To Top