Feature

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះឈ្វេងយល់អំពីជីវភាព ការងារប្រចាំថ្ងៃ របស់មន្រ្តី នៅឃុំឈូក ស្រុកឈូក

កំពត ៖ បន្ទាប់ពីបញ្ចប់បេសកកម្មនៅក្រុងកំពត និងខេត្តកែប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តស្កាត់ឆៀងចូលទៅកាន់ឃុំឈូក ស្រុកឈូក ខេត្តកំពត ដើម្បីសួរសុខទុក្ខ និងឈ្វេងយល់អំពីជីវភាពការងារ ប្រចាំថ្ងៃរបស់មន្រ្តី នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក និងនៅសាលាឃុំឈូក។

នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានទទួលព័ត៌មានអំពីប្រភពមូលដ្ឋាន ដែលមានសារធាតុញៀនលក់យកមកប្រើប្រាស់ ក្នុងឃុំឈូក តម្រូវការសន្លឹកសៀវភៅស្នាក់នៅ សេវាអត្តសញ្ញាណបណ្ណ តម្រូវការម៉ូតូប្រដេញបទល្មើស កន្លែងស្នាក់នៅរបស់មន្រ្តី ព្រមទាំងសំណូមពរ និងទស្សនៈដែលមន្រ្តីចង់ចូលរួមពង្រឹងកិច្ចការប៉ុស្តិ៍។

លោក ឧបនាយករដ្ឋមន្ដ្រី ក៏បានអបអរសាទរអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋឃុំឈូកទាំងមូល ដែលទើបទទួលបានមន្រ្តីនគរបាលជាតិ ២រូប ជាកូនចៅអ្នកឃុំឈូកនេះផ្ទាល់ មកបំពេញការងារនៅប៉ុស្តិ៍នគរបាលឃុំ។ នេះជាផ្លែផ្កានៃកំណែទម្រង់ប៉ុស្តិ៍នគរបាល ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាថ្នាចង់បាន។

ចេញពីប៉ុស្តិ៍នគរបាល លោកឧបនាយករដ្ឋមន្ត្រី បានបន្តហួសចូលទៅជួបលោកអ៊ុំមេឃុំ សមាជិកក្រុមប្រឹក្សា និងស្មៀនឃុំឈូក។ លោក ឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការលើកទឹកចិត្តចំពោះទិដ្ឋភាពជាក់ស្ដែងនៅរដ្ឋបាលសាលាឃុំ ដែលទីធ្លាខាងក្រៅ និងកន្លែងបំពេញការងារខាងក្នុង មានសោភ័ណភាព និងរបៀបរៀបរយល្អ។

ក្នុងឱកាសនោះដែរ លោក ឧបនាយករដ្ឋមន្ត្រី ក៏ទទួលព័ត៌មានល្អៗមួយចំនួនពាក់ព័ន្ធ នឹងការងារប្រចាំថ្ងៃ ដែលសាលាឃុំបម្រើសេចក្ដីត្រូវការ ជូនប្រជាពលរដ្ឋ ក្នុងនោះក៏រួមទាំងសក្ដានុពល និងបញ្ហាប្រឈមក្នុងការងារបម្រើសេវា នៅយន្តការច្រកចេញចូលតែមួយឃុំដែរ។ ព័ត៌មានទាំងនេះ គឺជាធាតុចូលដ៏សំខាន់ សម្រាប់ការសម្រេចចិត្តរបស់ថ្នាក់ជាតិ៕

To Top