DAP News
Feature

រដ្ឋមន្រ្តីសុខាភិបាល ៖ ការសាងសង់អគារសល្យសាស្រ្តកុមារ ជានិមិត្តរូប និងពង្រឹងចក្ខុវិស័យកម្ពុជា

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការសាងសង់អគារសល្យសាស្រ្តកុមារនៃមន្ទីរពេទ្យកុមារជាតិ មិនត្រឹមតែជាការសាងសង់ អគារប៉ុណ្ណោះទេ តែជានិមិត្តរូបនិងការពង្រឹងចក្ខុវិស័យកម្ពុជា ដែលធ្វើឱ្យកុមារទាំងអស់ នឹងទទួលបានការប្រើសេវា ដោយសុវត្ថិភាព និងជោគជ័យក្នុងការសង្រ្គោះអាយុជីវិត។ ដូច្នេះទាំងអស់គ្នា គឺដើម្បីកសាងអនាគតរបស់ជាតិ តាមរយៈការជួយសង្រ្គោះអាយុជីវិតកុមារ។

 
ក្នុងពិធីបើកការដ្ឋានសាងសង់ អគារសល្យសាស្រ្តកុមារ នៃមន្ទីរពេទ្យកុមារជាតិ ដែលជាជំនួយរបស់សមាគម និកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកុមារជាតិ សាស្ត្រាចារ្យ ឈាង រ៉ា រំលេចថា បុណ្យកុសលធំដែលផ្តល់ផលប្រយោជន៍លើពិភពលោកគឺ ជួយសង្គ្រោះ ជាពិសេសទារក និងកុមារ ។ ដូច្នេះ កុសលទាំងនេះ ក្លាយទៅជាសមិទ្ធផលមួយដែលស្ថិតនៅស្ថេរយូអង្វែង ​ដែលផលទទួលបានពីការកសាងអគារ និងព្យាបាល គឺភាពឋិតឋេរសម្រាប់មនុស្សតជំនាន់ ។

 
ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី កោតសរសើរ ចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តោត ការយកចិត្តទុកដាក់លើការសង្គ្រោះជីវិត។ នេះជានិមិត្តរូបនៃសេចក្តីស្រលាញ់ដ៏បរិសុទ្ធ ប្រកបដោយបេះដូងមនុស្សធម៌ និងការគាំទ្រលើវិស័យសុខាភិបាលកន្លងមក និងទៅអនាគត ពិសេសការជួយពង្រឹងគុណភាព ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារពេទ្យថ្មីៗដល់មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជាច្រើនទៀតនៅទូទាំងប្រទេស ។

 
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំគ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវផ្តល់អាទិភាព នៃការគិតគូរលើការអភិវឌ្ឍន៍លើការបម្រើសេវាដល់កុមារ ទារកជាពិសេសឱ្យកាន់តែប្រសើរថែមទៀត នៅគ្រប់មន្ទីរពេទ្យទាំងឡាយ ដោយកុមារ ទារក គឺជាអនាគតរបស់ប្រទេសជាតិ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់មន្ទីរពេទ្យ ត្រូវរៀបចំផែនការទុកជាមុន ប្លង់រួម សំណង់អគារ ផែនការ នៃដំណើរការ ការអភិវឌ្ឍមន្ទីរពេទ្យរបស់ខ្លួន និងផលដែលទទួល បានមកវិញកម្រិតណា ដើម្បីជាការកៀរគរ ការវិយោគវិស័យសាធារណៈ និងដៃគូអភិវឌ្ឍងាយស្រួលក្នុងការចូលរួម និងឧបត្ថម្ភគាំទ្រ ។

 
ឆ្លៀតក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ដល់មន្រ្តីសុ​ខាភិបាលត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈ , បម្រើសេវាដោយមិនរើសអើង , គ្រប់គ្រង និងថែទាំសមិទ្ធផល ថែទាំអគារ និងបរិក្ខារ នៅពេលអគារថ្មីសាងសង់រួច និងការពង្រីកវិសាលភាព នៃមូលនិធិសមធម៌។
 

សូមបញ្ជាក់ថា អគារសល្យសាស្រ្តកុមារ នៃមន្ទីរពេទ្យ​កុមារជាតិ ដែលត្រូវសាងសង់នេះចំណាយទឹកប្រាក់ចំនួន ៥,២០០,០០០ ដុល្លាគ្រោង នឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៧ ក្នុងគម្រោងពង្រឹងសមត្ថភាពផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារ។ តាមរយៈអាគារនេះ នឹងក្លាយជាការ​ធ្វើនវានុវត្តន៍បន្ថែមទៀត ក្នុងការបម្រើសេវា​សុខភាព ប្រកបដោយគុណភាព ទំនើបកម្មបរិក្ខារពេទ្យ និងសេវាកម្ម សំដៅ​ធ្វើឱ្យប្រសើរឡើងសុខភាព​កុមារ និងសុខុមាលភាពប្រជាជនកម្ពុជា ៕

To Top