ភ្នំពេញ ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា ការសាងសង់ព្រលានយន្តហោះថ្មី នៅតារាសាគរ ស្ថិតក្នុងខេត្តកោះកុង រហូតមកដល់ពេលនេះ សម្រេចបាន៦០ភាគរយ ហើយគ្រោងនឹងបញ្ចប់ នៅដើមឆ្នាំ២០២១ ខាងមុខនេះ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តកោះកុង “នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង បានថ្លែងថា “សម្រាប់ការកសាង ព្រលានយន្តហោះ តារាសាគរ ឥឡូវនេះយើងកសាងដល់ រេវេផ្លូវហើយ ហើយកំណត់ថា មុននេះបើយើងអត់មានផលប៉ះពាល់ នៅដំណាក់កូវីដនេះគឺថា ឲ្យចប់នៅចុងឆ្នាំ២០២០នេះតែម្ដង តែដំណាក់កាលនេះ អាចចប់នៅចុងឆ្នាំ ឬក្រុមហ៊ុន គាត់ព្យាយាម ឲ្យចប់នៅចុងឆ្នាំ តែបើមានយថា ហេតុ អាចដើមឆ្នាំ២០២១ រហូតមកដល់ពេលនេះអាចថា សាងសង់បាន៥០ទៅ៦០ភាគរយហើយ” ។
លោកស្រីបញ្ជាក់ថា ចំពោះការលើកឡើងថា ព្រលានយន្តហោះ តារាសាគរ បំរើឲ្យវិស័យយោធានោះ គឺមិនពិតឡើយ ។
លោកស្រីបន្ថែមថា ព្រោះតំបន់នោះជាតំបន់ វិស្សមកាលទេសចរណ៍ ធ្វើឡើងសម្រាប់តែទទួលភ្ញៀវទេសចរ និងពាណិជ្ជកម្ម ដោយឡែកតំបន់យោធា គឺជាតំបន់ ដែលត្រូវហាមឃាត់ និងជាតំបន់ការពារ មិនអាចឲ្យមកលាយលំគ្នា បានឡើយ។
ទាក់ទងជាមួយការសាងសង់ ព្រលានយន្តហោះ នៅជិតទីរួមខេត្ត កោះកុង លោកស្រីបញ្ជាក់ថា ក្រុមការងារកំពុង ធ្វើការសិក្សាប្លង់ ដើម្បីកំណត់ទីតាំងច្បាស់លាស់ ដើម្បីធ្វើព្រលានយន្តហោះនេះ។
លោកស្រីអភិបាលខេត្ត បន្ថែមថា “ចំពោះការសាងសង់ព្រលានយន្តហោះចំនួនពីរ មួយនៅជិតទីរួមខេត្តនេះ គឺទើបតែកំណត់ នៅទីតាំងទេ ចឹង ត្រូវការ ការវាយតម្លៃនៅផលប៉ះពាល់ ផ្សេងៗបន្ថែមទៀត ហើយនិងការរៀបចំ ក្រុមហ៊ុនដែលគាត់ពាក់ព័ន្ធហ្នឹង គាត់នឹងរៀបចំ ទីតាំង ដោយពីមុន គឺការរៀបចំទីតាំងដំបូងនោះ គឺមានការគៀកនៅជិតទីរួមខេត្តពេក ដោយសារខ្លាចប៉ះពាល់ ទៅទើបមានការផ្លាស់ប្ដូរ ចឹងត្រូវការពេលវេលា ដើម្បីរៀបចំគម្រោង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគឺ រៀបចំនូវប្លង់ ទើបអាចកំណត់ពេលវេលាបាន ចឹងយើងរង់ចាំការរៀបចំប្លង់នៅទីតាំងថ្មីនោះទៀត ដោយក្រុមការងារកំពុង ស្ថិតនៅដំណាក់កាលសិក្សាប្លង់ ដែលយើងកំណត់ទីតាំងឲ្យថ្មី”។
ទាក់ទងវិស័យទេសចរណ៍លោកស្រី បញ្ជាក់ថា ឆ្នាំ២០១៩ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរចំនួន៣០ម៉ឺននាក់ កើនឡើង ពី១៥ទៅ២៥ភាគរយ បើធៀបនឹងឆ្នាំ២០១៨។
ចំណែកការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋវិញ លោកស្រីបញ្ជាក់ថា មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកោះកុង បានចុះបញ្ជីដី ដែលមានលក្ខណ:ដាច់ដោយឡែក បានចំនួន ៧៧៥៩ប័ណ្ណ ហើយក្រុមការងារកំពុង បន្តខិតខំចុះបញ្ជីដី ជូនប្រជាពលរដ្ឋបន្ថែមទៀតផងដែរ ៕ ដោយ៖ធី លីថូ