ក្រសួងអប់រំ ដាក់ចេញវិធានការ ចំពោះបាតុភាពអសកម្ម របស់សិស្សវាយគ្នា នៅវិទ្យាល័យអង្គរកា ស្រុកត្រាំកក់
តាកែវ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់វិធានការ ចំពោះបាតុភាពអសកម្ម របស់សិស្សវាយគ្នា នៅវិទ្យាល័យអង្គរកា ស្រុកត្រាំកក់ ខេត្តតាកែវ ។
ក្រសួងអប់រំ បានឲ្យដឹងថា សិស្សមួយក្រុម បានប្រើអំពើហិង្សាលើសិស្ស ស្រី១នាក់ នៅវិទ្យាល័យអង្គរកា ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបង្កឡើង ដោយភាគីទាំងសងខាង ក្នុងរូបភាពជាការវាយតប់គ្នា ទៅវិញទៅមក ដែលត្រូវបានទទួលស្គាល់ពីភាគីទាំងសងខាងថា ជាកំហុសរួម និងខុសទៅនឹងបទបញ្ជាផ្ទៃក្នុង របស់សាលារៀន ។ ដំណោះស្រាយចុងក្រោយ ភាគីទាំងអស់ បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ដោយមានការទទួលស្គាល់ និងចុះហត្ថលេខាពី ឪពុកម្តាយ ឬអ្នកអាណាព្យាបាល និងសុំទោសគ្នាទៅវិញទៅមកកម្រិតផ្ទៃក្នុងសាលា។
ដើម្បីទប់ស្កាត់សកម្មភាពហិង្សា និងអំពើអសីលធម៌ ដែលបង្កឡើងដោយសិស្សនៅក្នុង និងក្រៅសាលារៀន ក៏ដូចជាបង្ការ កុំឱ្យមានករណីស្រដៀងគ្នា នៅតាមសាលារៀនផ្សេងទៀត ក្រសួងសម្រេច ដូចជា ៖ប្រគល់ភារកិច្ច ជូននាយកសាលាចាត់តាំងអនុវត្តវិធានការកែប្រែបែបអប់រំ និងពលកម្មសាលា ដោយការបំពេញការងារ ស្ម័គ្រចិត្តក្នុងសាលារួមគ្នា ឬការងារបម្រើផលប្រយោជន៍ សាធារណៈក្នុងសាលារៀន ដូចជា បោះសម្អាតទីធ្លាសាលា រៀបចំសៀវភៅក្នុងបណ្ណាល័យ ស្រោចទឹកផ្កាជាមួយគ្នារយៈពេល១ខែ និងការងារដ៏ទៃទៀតតាមស្ថានភាពជាក់ស្តែង និងក្រោមការត្រួតពិនិត្យរបស់គ្រូ ដោយត្រូវធ្វើរបាយការណ៍ជូនក្រសួង តាមរយៈមន្ទីរជាប់ជាប្រចាំ ។
ក្នុងករណីមិនកែប្រែឥរិយាបថ ឬនៅតែបន្តប្រព្រឹត្តសកម្មភាពហិង្សា សាលារៀននឹងត្រូវអនុវត្តវិធានការ វិន័យ បន្ថែមដូចជា ផ្អាកការសិក្សាជា បណ្តោះអាសន្នក្នុងរយៈពេលពី ១ ទៅ ២សប្តាហ៍ ឬ ប្តូរថ្នាក់រៀន ឬប្តូរទៅសិក្សា នៅសាលារៀនផ្សេង ។
ក្រសួងស្នើដល់ឪពុកម្តាយ ឬអ្នកអាណាព្យាបាលសិស្សបង្កើនការតាមដាន និងអប់រំកូនចៅបន្ថែម នៅផ្ទះ ទាំងផ្នែក អាកប្បកិរិយា ការសេពគប់មិត្តភក្តិ និងការប្រើប្រាស់បណ្តាញសង្គមឱ្យបានជិតជិតជាងមុន និងត្រូវរាយការណ៍មក សាលាជាប្រចាំ។
ក្រសួង ក៏បានណែនាំដល់នាយកសាលារៀន លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយយក ចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដាន សង្កេត និងអន្តរាគមន៍ទាន់ពេលវេលាចំពោះរាល់សកម្មភាពមិនប្រក្រតីរបស់ សិស្ស។ ជាមួយគ្នានេះ សាលារៀន ត្រូវពង្រឹងកិច្ចសហការជាមួយគ្រួសារ និងសហគមន៍ ក៏ដូចជាអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការចូលរួមកាន់តែសកម្មក្នុងការអប់រំ បង្ការ និងទប់ស្កាត់អំពើហិង្សាគ្រប់ទម្រង់នៅក្នុង និងក្រៅសាលារៀន៕
