សម្តេចធិបតី អញ្ជើញជាអធិបតី បើកមហាសន្និបាត កាយឫទ្ធិនារីពិភពលោក លើកទី៣៩
សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦ នៅព្រឹកថ្ងៃអង្គារ ទីទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

សមាគមកាយឫទ្ធិនារីពិភពលោក ឬ WAGGGS គឺជាចលនាអន្តរជាតិធំបំផុតមួយសម្រាប់កុមារី និងយុវតី ដែលមានសមាជិកភាពតាមរយៈសមាគមកាយឫទ្ធិនារីជាតិ នៅតាមបណ្តាប្រទេសនានា។ បច្ចុប្បន្ន WAGGGS តំណាងឲ្យចលនាដែលមានសមាគមជាសមាជិកចំនួន១៥៣នៅទូទាំងពិភពលោក។

មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុត របស់សមាគមកាយឫទ្ធិនារី ពិភពលោក (World Association of Girl Guides and Girl Scouts-WAGGGS) ដែលរៀបចំឡើងរៀងរាល់៣ឆ្នាំម្ដង។ មហាសន្និបាតនេះ ប្រមូលផ្តុំថ្នាក់ដឹកនាំ និងតំណាងអង្គការសមាជិកពីបណ្តាប្រទេស និងដែនដីជុំវិញពិភពលោក ដើម្បីពិភាក្សា ពិនិត្យ និងអនុម័ត គោលនយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹងបណ្តាញ សហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្តល់អំណាចដល់កុមារី និងយុវតី៕









