សាស្រ្តាចារ្យ ឈាង រ៉ា ផ្តល់សារគន្លឹះ មួយចំនួនដល់មណ្ឌលសុខភាពគោកចក
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានផ្តល់សារគន្លឹះមួយចំនួន ដល់មណ្ឌលសុខភាពគោកចក ខេត្តសៀមរាប ដែលជាមណ្ឌលសុខភាពគោលដៅគំរូ ក្នុងឆ្នាំ២០២៥។

ការផ្តល់សារជាគន្លឹះរបស់សាស្រ្តាចារ្យ ឈាង រ៉ា បែបនេះ ក្នុងឱកាសចុះពិនិត្យមណ្ឌលសុខភាពគោកចក នៅរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
សារគន្លឹះរបស់រដ្ឋមន្រ្តី ដូចជា ផ្តោតលើភាពឆ្នើម ត្រូវក្លាយជាវប្បធម៌ ដែលជាការទទួលចំណាត់ថ្នាក់ម្តងឬពីរដង អាចកើតចេញពីការខិតខំប្រឹងប្រែង ប៉ុន្តែការរក្សាភាពឆ្នើមជាបន្តបន្ទាប់ ត្រូវការវប្បធម៌ការងារដែលផ្អែកលើវិន័យ ការទទួលខុសត្រូវ និងការកែលម្អជាប្រចាំ ។

លោកបន្តថា កុំពេញចិត្តត្រឹមភាព ជោគជ័យបច្ចុប្បន្ន ព្រោះជោគជ័យថ្ងៃនេះ គឺជាមូលដ្ឋានសម្រាប់ជោគជ័យ ធំជាងនេះនៅថ្ងៃស្អែក។ ដូច្នេះសូមកុំឈប់នៅត្រឹមការទទួលស្គាល់ ប៉ុន្តែត្រូវបន្តបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត។

រដ្ឋមន្រ្តីបន្ថែមថា បន្តបង្កើនទំនុកចិត្តប្រជាពលរដ្ឋ ព្រោះគោលដៅសំខាន់ មិនមែនត្រឹមតែព្យាបាលជំងឺទេ ប៉ុន្តែធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តថា មណ្ឌលសុខភាពរដ្ឋគឺជាជម្រើសទី១ និងជាជម្រើសដែលជឿជាក់ជាប្រចាំ។

សាស្ត្រាចារ្យសង្កត់ធ្ងន់ថា ការច្នៃប្រឌិតចាប់ផ្តើមពីមូលដ្ឋាន ៖ គំនិតថ្មី និងដំណោះស្រាយល្អជាច្រើន មិនមែនផ្តើមនៅតែការិយាល័យកណ្តាលទេ ប៉ុន្តែផ្តើមចេញពីបទពិសោធន៍ជាក់ស្តែងនៅមណ្ឌលសុខភាព ។ ដូច្នេះត្រូវបន្តគិត បន្តច្នៃប្រឌិត និងបន្តកែលម្អ ៕


















